ចិនទិញយន្តហោះ អ៊ែរប៊ឺស របស់អឺរ៉ុប ១៤០គ្រឿងក្នុងតម្លៃ ១៧ពាន់លានដុល្លារ
ចិន៖ទីភ្នាក់ងារទិញយន្តហោះរដ្ឋរបស់ប្រទេសចិន បានចុះហត្ថលេខាជាផ្លូវការលើការបញ្ជាទិញយន្តហោះអ៊ែរប៊ឺស (Airbus) របស់អឺរ៉ុបចំនួន ១៤០គ្រឿងក្នុងទំហំទឹកប្រាក់ប្រមាណ ១៧ពាន់លានដុល្លារនៅថ្ងៃសុក្រ ទី៤វិច្ឆិកា ឆ្នាំ២០២២។ នេះបើតាមក្រុមហ៊ុនទទួលបន្ទុកផ្នែកផ្គត់ផ្គង់អាកាសចរណ៍ចិន (CAS) និយាយនៅក្នុងរបាយការណ៍មួយ។
ការចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងទិញ-លក់នេះ បានធ្វើឡើងកាលពីថ្ងៃសុក្រម្សិលមិញ ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសចិនរបស់អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ ស្ហលស៍។
ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus បានឲ្យដឹងថា យន្តហោះដែលចិនកុម្មង់ទិញជាផ្លូវការទាំងនេះ សុទ្ធតែជាយន្តហោះដែលចិនធ្លាប់បានសន្យាថានឹងទិញពីមុនមក ដោយខ្លះរួមមាននៅក្នុងការបញ្ជាទិញយន្តហោះចំនួន ២៩២គ្រឿងដែលត្រូវបានប្រកាសកាលពីប៉ុន្មានខែមុខ។
កាលពីខែកក្កដា ក្រុមហ៊ុនអាកាសចរណ៍ធំៗចំនួន ៣របស់ចិន បានសន្យាថានឹងទិញយន្តហោះអ៊ែរបឺសសរុបទាំងអស់ ២៩២គ្រឿង ដែលជាការបញ្ជាទិញដ៏ធំបំផុតនៅពេលនោះរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន ចាប់តាំងពីមានជំងឺរាតត្បាតកូវីដ១៩។
កិច្ចព្រមព្រៀងទិញកាលពីថ្ងៃសុក្ររួមមានយន្តហោះស៊េរី A320 របស់ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុបចំនួន ១៣២គ្រឿង និងយន្តហោះ A350 ចំនួន ៨គ្រឿង។
គួរជ្រាបថា សេចក្តីប្រកាសរបស់ចិនទិញយន្តហោះ Airbus របស់អឺរ៉ុប ធ្វើឡើងនាខណៈដែលទីក្រុងប៉េកាំងចង់បង្ហាញពីសមិទ្ធិផលជាក់ស្តែងដែលលេចចេញជារូបរាងក្នុងអំឡុងពេលលោក ឡាហ្វ ស្ហលស៍ បំពេញទស្សនកិច្ចនៅប្រទេសចិន។ នេះគឺជាដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសមួយ ដែលបានជំរុញឱ្យមានការព្រួយបារម្ភនៅក្នុងប្រទេសអាល្លឺម៉ង់ ថារដ្ឋាភិបាលក្រុងប៊ែកឡាំង នឹងផ្តល់អាទិភាពដល់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយទីក្រុងប៉េកាំង ជាជាងបញ្ហាសន្តិសុខ និងយុទ្ធសាស្ត្រ។
ការសម្រេចរបស់លោក ស្ហលស៍ ធ្វើទស្សនកិច្ចនៅចិនរយៈពេលមួយថ្ងៃរងការរិះគន់ជាច្រើននៅក្នុងប្រទេសអាល្លឺម៉ង់ផ្ទាល់។ ប្រឈមនឹងរលករិះគន់កាន់តែខ្លាំងឡើង មន្ត្រីអាល្លឺម៉ង់ម្នាក់បាននិយាយមុនពេលដំណើរទស្សនកិច្ចនេះ គ្មានកិច្ចព្រមព្រៀងណាមួយនឹងត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលនោះឡើយ។
ចំណែកលោកអធិការបតីអាល្លឺម៉ង់វិញ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងកាលពីល្ងាចថ្ងៃសុក្រថា លោកបានធ្វើយុទ្ធនាការសម្រាប់ក្រុមហ៊ុនអឺរ៉ុប និងចិនក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក ។ ក៏ប៉ុន្តែ លោក អូឡាហ្វ ស្ហលស៍ មិនបាននិយាយអ្វីសោះឡើយអំពីកិច្ចព្រមព្រៀងទិញ-លក់ យន្តហោះរវាងក្រុមហ៊ុនចិន និងក្រុមហ៊ុនអ៊ែរបឺសអឺរ៉ុប៕
ដោយ៖ លី លីយ៉ា