អ្នកជំនាញផ្នែកទេសចរណ៍ រំពឹងទុកថាមានភ្ញៀវទេសចរដើរកម្សាន្តច្រើននៅតាមបណ្ដាខេត្តនាឱកាសពិធីបុណ្យអុំទូកខាងមុខនេះ
លោកស្រីឆាយ សៀវ លីន ប្រធានសមាគមទេសចរណ៍ បានបង្ហាញការរំពឹងទុកថា នឹងមានភ្ញៀវទេសចរចេញដើរកម្សាន្តច្រើន នៅតាមបណ្ដាខេត្តនានា ជាពិសេសខេត្តសៀមរាប ក្រុងព្រះសីហនុដែលជាតំបន់ប៉ូលទេសចរណ៍ជាតិនិងអន្តរជាតិ។ ប្រធានសមាគមទេសចរណ៍កម្ពុជា មានជំនឿមុតមាំ ទៅលើតំបន់សមុទ្រដែលអ្នកស្រីមើលឃើញថា តំបន់សមុទ្រនេះជាកន្លែងទាក់ទាញភ្ញៀវទេសចរពេញទំហឹងតែម្ដង ទាំងសម្រាប់ទេសចរក្នុងស្រុកនិងក្រៅស្រុក។
លោកស្រីថ្លែងឱ្យដឹងនៅថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកានេះថា៖ «ភ្ញៀវបរទេសក្នុងស្រុកនិងក្រៅស្រុកបច្ចុប្បន្នចូលចិត្តតំបន់សមុទ្រ មួយវិញទៀត ខេត្តសៀមរាបក៏ជាតំបន់ទាក់ទាញមួយផងដែរ ក៏ដូចជាប៉ែកឥសាន»។
លោកស្រីក៏បានបង្ហើបផងដែរ ចំពោះកំណើនភ្ញៀវទេសចរ ដែលមកដល់ពេលនេះ មានការកក់កន្លែង ផ្ទះសំណាក់ រមណីយដ្ឋានផ្សេងៗ ហើយតម្លៃអាចកើនឡើងជាងថ្ងៃធម្មតា តែមិនឡើងថ្លៃច្រើនខ្លាំងពេកនោះទេ។ លោកស្រីបានបញ្ជាក់ទៀតថា បើប្រៀបធៀបទៅខែមុនៗដែលជារដូវភ្លៀង នារដូវរំហើយនេះ ខណៈដែលមានកំណើនភ្ញៀវទេសចរ សេវាកម្មក្នុងវិស័យទេសចរណ៍អាចឡើងថ្លៃខ្លះ តែមិនខ្ពស់ប៉ុន្មានទេ គឺអាចឡើងត្រឹម ១០ភាគរយតែប៉ុណ្ណោះ។
លោកស្រីបានថ្លែងទៀតថា នាឆ្នាំនេះ ភ្ញៀវទេសចរអាចមានចំនួនច្រើនជាងឆ្នាំមុនៗ ព្រោះកម្ពុជាមានហេដ្ឋាចរនាសម្ព័ន្ធល្អជាងមុន និងមានផ្លូវល្បឿនលឿនថែមទៀត។ លោកស្រី ឆាយ សៀវលីន៖ «ផ្លូវល្បឿនលឿនជួយជំរុញកំណើនភ្ញៀវទេសចរដោយសារតែវាមានភាពងាយស្រួលមិនពិបាក និងចំណេញពេលវេលា»។
នាឱកាសនេះដែរ លោកស្រី ឆាយ សៀវលីន ក៏បានអំពាវនាវទៅដល់អ្នកផ្ដល់សេវាកម្មទេសចរណ៍ទាំងអស់ឱ្យផ្ដោតទៅលើគុណភាពសេវាកម្មឱ្យបានកាន់តែច្រើន៖ «ខ្ញុំសូមអំពាវនាវដល់អ្នកផ្ដល់សេវាកម្មទេសចរណ៍ កុំតម្លើងថ្លៃ។ ការផ្ដល់សេវាកម្មល្អឯណោះទេ ដែលជាការទាក់ទាញ និងធ្វើឱ្យដំណើរការនៃវិស័យទេសចរណ៍របស់យើងមាននិរន្តរន៍ភាព»។
លោក តុប សុភក្ដិ អ្នកនាំពាក្យក្រសួងទេសចរណ៍បានថ្លែងថា សម្រាប់ឆ្នាំ២០២២នេះ មានខេត្តខ្លះរៀបចំប្រារព្ធពិធីបុណ្យអុំទូក ឯខេត្តខ្លះមិនទាន់បានប្រារព្ធនោះទេ។ លោកថា នៅតំបន់ឆ្នេរក៏មានការទាក់ទាញច្រើនដែរ។ លោកបានរំឭកអាជីវករទាំងអស់គួរមានដាក់តម្លៃឲ្យបានច្បាស់លាស់ ជាជាងឡើងថ្លៃទំនិញ និងយកថ្លៃលើសកំណត់ ។
លោក តុប សុភក្តិ៖ «បើអាជីករណាម្នាក់យកលើសតម្លៃក្នុងតារាងកំណត់របស់ពួកគាត់ នោះពួកគាត់ត្រូវទទួលខុសត្រូវចំពោះមុខអ្នកទិញ។ កន្លងមក មិនមានការប៉ះទង្គិចអីច្រើននោះទេ ប៉ុន្តែមានតែអាជីករមួយចំនួនបញ្ចុះតម្លៃដើម្បីទាក់ទាញភ្ញៀវទៅវិញទេ»។ លោកបានថ្លែងបន្ថែមទៀតថា នៅសៀមរាបនិងតំបន់មួយចំនួនមានការបញ្ចុះតម្លៃ ខណៈនៅតាមបណ្ដាតំបន់ខ្លះមានការឡើងថ្លៃដែរ តែក្នុងកម្រិតបន្តិចបន្តួចតែប៉ុណ្ណោះ ។
អាជីវករម្នាក់លក់ដូរនៅផ្សារលើ ខេត្តព្រះសីហនុ គាត់មានសេចក្ដីរំពឹងខ្ពស់ចំពោះកំណើនភ្ញៀវទេសចរនាឱកាសពិធីបុណ្យអុំទូកនេះ៖ «មួយខែមុនមិនដាច់ទេ តែមួយអាទិត្យនេះលក់ដាច់ ហើយខ្ញុំសង្ឃឹមថានឹងលក់ដាច់ក្នុងថ្ងៃបុណ្យអុំទូក ភាគច្រើនមានបរទេសនិងខ្មែរដូចគ្នា។ មួយរយៈកូវីដមកនេះខ្ញុំស្ទើរតែដាច់បាយទៅហើយ»។
លោក សារ៉ាន់ ដែលបើកភោជនីយដ្ឋានមួយកន្លែងក្បែររង្វង់មូលតោពីរ ថ្លែងប្រាប់នៅថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកានេះថា៖ «ថ្ងៃនេះភ្ញៀវច្រើនណាស់បង ស្ទើរតែអត់កន្លែងអង្គុយ។ គេកក់ច្រើនតុដែរ។ ខ្ញុំមិនហ៊ាននិយាយថាមានតុឬក៏អត់ទេថ្ងៃបុណ្យអុំទូក ព្រោះគេកក់ច្រើនណាស់»។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ សង្កេតឃើញថា ពិធីបុណ្យអុំទូកជាប្រពៃណីខ្មែរមួយដែលគេតែងតែប្រារព្ធកន្លងមក ហើយការផ្អាកពិធីបុណ្យអុំទូកនៅភ្នំពេញគួរណាតែមានមូលដ្ឋាននិងហេតុផលឲ្យបានច្រើន។ យ៉ាងណាក៏ដោយ លោក សន ជ័យ សង្ឃឹមថា ពិធីបុណ្យអុំទូកដែលរៀបចំនៅតាមបណ្ដាខេត្ត នឹងមានភ្ញៀវទេសចរទៅកម្សាន្តច្រើន ដែលអាចរួមចំណែកជួយសម្រាលជីវភាពរបស់អាជីវករមួយកម្រិតផងដែរ៕ ហោ សុវិទ្យា