សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំទល់មុខគ្នារវាងប្រមុខដឹកនាំកំពូលអាស៊ាន និងអាយប៉ា

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា នៃបណ្តាប្រទេសជាសមាជិកអាយប៉ា អញ្ជើញចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងសមាគម ប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន) និងអន្តរសភាអាស៊ាន (អាយប៉ា) នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ (40th-41st ASEAN Summit) ដែលនឹងប្រព្រឹត្ត ទៅនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៤:០០ នៅសណ្ឋាគារសុខាភ្នំពេញ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា នឹងចូលរួមផ្តល់នូវអនុសាសន៍ ដោយផ្តោតសំខាន់លើបញ្ហាគន្លឹះ ដែលជាការប្រឈមរួមរបស់ប្រទេសជាសមាជិកអាយប៉ា និងអាស៊ាន នៅក្នុងកិច្ចប្រជុំរៀបចំសេចក្តីព្រាងសារ អាយប៉ា នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ នៅសណ្ឋាគារកាំឌីយ៉ាណា។

គណៈប្រតិភូសភានៃបណ្តាប្រទេសជាសមាជិកអាយប៉ា នឹងនាំយកនូវធាតុចូលដែលជាទស្សនៈរួមក្នុងនាមប្រទេសជាសមាជិកអាយប៉ា សម្រាប់ដាក់បញ្ចូលទៅក្នុងសារ ដែលនឹងត្រូវថ្លែងដោយសម្តេចអគ្គមហាពាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានប្តូរវេនអន្តរសភាអាស៊ាន(អាយប៉ា) លើកទី៤៣ នៅចំពោះមុខថ្នាក់ដឹកនាំអាស៊ាន។

សូមជម្រាបថា កិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអាយប៉ា ដែលបានរៀបចំឡើងនៅរាល់កិច្ចប្រជុំកំពូលអាស៊ាន គឺជាជំនួបផ្លូវការកម្រិតខ្ពស់បំផុតរបស់អាស៊ាន និងអាយប៉ា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ និងដើម្បីពិភាក្សាស៊ីជម្រៅលើកិច្ចការរបស់អាស៊ាននៅគ្រប់កម្រិត ក្នុងន័យឆ្ពោះទៅរកគោលបំណងរួមរបស់អាស៊ានគឺ សនិ្តភាព ស្ថិរភាព និងគោលដៅអភិវឌ្ឍប្រកប ដោយចីរភាព ជាមួយនឹងការពន្លឿន និងជំរុញឱ្យសម្រេចបាននូវសហគមន៍អាស៊ានមួយ និងត្រៀមខ្លួនសម្រាប់ការពង្រីកអាស៊ាននាពេលអនាគត។

គួររម្លឹកផងដែរថា កិច្ចប្រជុំរវាងថ្នាក់ដឹកនាំអាស៊ាន និងអាយប៉ា លើកទី១ ត្រូវបានចាប់ផ្តើមអនុវត្តន៍ជាលើកដំបូងនាកិច្ចប្រជុំកំពូលអាស៊ាន លើកទី១៤ នៅឆ្នាំ២០០៩ នៅខេត្តហ៊ួហ៊ីន ព្រះរាជាណាចក្រថៃ ក្រោមគំនិតផ្តួចផ្តើមរបស់សភាប្រទេសសមាជិកអាយប៉ា និងអាស៊ាន ហើយចាប់ពីពេលនោះមក កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅចំនួន១០លើករួចមកហើយ ដែលលើកចុងក្រោយ នៅឆ្នាំ២០២០ ធ្វើនៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម តាមប្រព័ន្ធនិម្មិត ហើយឆ្នាំនេះជាកិច្ចប្រជុំលើកទី១១ ដែលសភានៃព្រះរាជាណាចក្រកម្ពុជាបានទទួលរៀបចំ និងដឹកនាំកិច្ចប្រជុំទល់មុខគ្នារវាង អាស៊ាន និងអាយប៉ានេះ៕
ដោយ៖ពលជ័យ

ads banner