អ្នកជិះយន្តហោះ១៣ម៉ឺននាក់ជាប់គាំង នៅបារាំង ព្រោះការក្ស័យធនរបស់ក្រុមហ៊ុន អាកាសចរណ៍
អត្ថបទដោយ៖
Kien Sereyvuth
សារព័ត៌មាន CNN បានចេញផ្សាយ កាលពីម្សិលមិញថា យ៉ាងហោចណាស់ មានអ្នកដំណើរតាមអាកាសជាង១៣,០០០នាក់ កំពុងជាប់គាំងនៅបរទេសក្រោយពេលដែលក្រុមហ៊ុនអាកាសចរបារាំង Aigle Azur ប្រកាសក្ស័យធន កាលពីសប្ដាហ៍មុន។
ក្រសួងដឹកជញ្ជូនបារាំងថា អ្នកដំណើរភាគច្រើនប្រមាណជា ១១,០០០នាក់ ជាប់គាំងនៅប្រទេសអាល់ហ្សេរី ហើយក្រៅពីនេះនៅក្នុងប្រទេសផ្សេងទៀត។ មានអ្នកដំណើរជាង ១៣,០០០នាក់បានទិញសំបុត្រយន្ដហោះរួចមកហើយ ហើយពួកគេនឹងត្រូវធ្វើមាតុភូមិនិវត្តន៍។
ប្រភពបន្តថា ក្នុងចំណោមពួកគេមាន ១១,០០០នាក់ ស្ថិតក្នុងប្រទេសអាល់ហ្សេរី ៦នាក់នៅម៉ាលី និងលីបង់ រុស្ស៊ី និងសេណាហ្កាល់។ នយោជិក ១,១៥០នាក់ និងបុគ្គលិកជាង៥០០នាក់ ក៏ប្រឈមបាត់បង់ការងារផងដែរ។ យ៉ាងណាមិញ អាជ្ញាធរបារាំងកំពុងព្យាយាមសម្រួលការធ្វើមាតុភូមិនិវត្តន៍សម្រាប់អ្នកដំណើរ និងដាក់ដេញថ្លៃក្រុមហ៊ុនខាងលើដើម្បីបន្ដដំណើរការទៅមុខទៀត៕ធ.ដ