Apple បើកបង្ហាញវត្តមានស្មាតហ្វូន iPhone 11 ចំនួន៣ម៉ូដែលជាផ្លូវការ ព្រមជាមួយ iPad និងនាឡិកា Apple Watch Series 5
សហរដ្ឋអាម៉េរិក៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ក្រុមហ៊ុន Apple របស់សហរដ្ឋអាម៉េរិក បានបើកបង្ហាញវត្តមានជាផ្លូវការនូវកំពូលស្មាតហ្វូន iPhone ស៊េរីថ្មីរបស់ខ្លួន ហៅថា iPhone 11 ចំនួន៣ម៉ូដែល ព្រមជាមួយ iPad ជំនាន់ថ្មី និងនាឡិកា Apple Watch Series 5។
បើតាមការធ្វើបទបង្ហាញរបស់តំណាងជាន់ខ្ពស់នៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិកនេះ iPhone 11 មាន៣ម៉ូដែលសម្រាប់ជ្រើសរើស រួមមាន iPhone 11 ធម្មតា iPhone 11 Pro និង iPhone 11 Pro MAX ។ iPhone 11 ទាំង៣ម៉ូដែលនេះ នឹងអាចត្រូវចាប់ផ្តើមកុម្ម៉ង់ទិញបាននៅថ្ងៃសុក្រសប្តាហ៍នេះ ហើយដាក់លក់នៅតាមហាងរបស់ Apple នៅមួយសប្តាហ៍ក្រោយ គឺថ្ងៃទី២០ ខែកញ្ញាខាងមុខ។
ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុន Apple របស់សហរដ្ឋអាម៉េរិក ក៏បានបញ្ចេញ iPad ស៊េរីឆ្នាំ២០១៩ និងនាឡិកា Apple Watch Series 5 ផងដែរ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការ ក៏ដូចជាការគំាទ្ររបស់អតិថិជននៅទូទំាងពិភពលោក៕ធ.ដ