លោក នីកូឡាស់ ម៉ាឌូរ៉ូ ដឹកនាំកងទ័ពវេណេស៊ុយអេឡា ធ្វើសមយុទ្ធយោធា នៅតាមបណ្តោយព្រំដែនកូឡុំប៊ី
វេណេស៊ុយអេឡា៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ បានចាប់ផ្តើមដឹកនាំការធ្វើសមយុទ្ធយោធា នៅតាមបណ្តោយព្រំដែនវេណេស៊ុយអេឡាជាមួយកូឡុំប៊ី នៅក្នុងថ្ងៃអង្គារសប្តាហ៍នេះ ស្ថិតក្រោមក្រសែភ្នែករបស់សហរដ្ឋអាម៉េរិក។
លោក នីកូឡា ម៉ាឌូរ៉ូ បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើថា ពេលវេលានេះបានមកដល់ដើម្បីការពារអធិបតេយ្យភាព និងសន្តិភាពជាតិរបស់យើងដោយប្រើប្រាស់ធនធាន និងសមត្ថភាពការពារជាតិរបស់យើងឱ្យបានខ្លាំងក្លា។ បើតាមមេបញ្ជាការវេណេស៊ុយអេឡាលោក Remigio Ceballos កងទ័ពប្រហែល១៥ម៉ឺននាក់ នឹងធ្វើសមយុទ្ធរហូតដល់ថ្ងៃទី២៨ ខែកញ្ញាខាងមុខ។
សូមបញ្ជាក់ផងដែរថា សមយុទ្ធខាងលើ ត្រូវបានធ្វើឡើងស្របពេលភាពតានតឹងបានកើនឡើងនៅពេលថ្មីៗនេះ នៅពេលដែលកូឡុំប៊ី និងវេណេស៊ុយអេឡា បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានផ្តល់ទីជម្រកដល់ក្រុមជនសកម្មប្រយុទ្ធប្រដាប់អាវុធនៅតាមព្រំដែនរបស់ពួកគេ ដែលកំពុងព្យាយាមផ្តួលរំលំរដ្ឋាភិបាលជិតខាងគ្នានេះ។ ជាការឆ្លើយតប លោក នីកូឡា ម៉ាឌូរ៉ូ បានដាក់កងទ័ពឱ្យមានការប្រុងប្រយ័ត្ន និងកោះប្រជុំក្រុមប្រឹក្សាការពារជាតិរបស់លោកផងដែរ៕ធ.ដ