អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ៖ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ គឺល្អប្រសើរ
ភ្នំពេញ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ជារួមនៅក្នុងរយៈពេលប៉ុន្មានថ្ងៃ នៃដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ចាប់ពីថ្ងៃទី៨ រហូតមកដល់ថ្ងៃទី១១ ខែវិច្ឆិកានេះ គឺមានលក្ខណៈល្អប្រសើរ និងគ្មានហេតុការណ៍អ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។ កងកម្លាំងដែលមានភារកិច្ចពាក់ព័ន្ធនឹងការការពារកិច្ចប្រជុំ គឺបានបញ្ចេញដាក់ពង្រាយតាមគ្រប់គោលដៅ និងតាមផែនការដែលបានកំណត់ និងបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកានេះថា សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ នៃដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ចាប់ពីថ្ងៃទី៨ រហូតមកដល់ថ្ងៃទី១១ ខែវិច្ឆិកានេះ គឺមានលក្ខណៈល្អប្រសើរ។ កងកម្លាំងដែលមានភារកិច្ចពាក់ព័ន្ធនឹងការការពារកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ គឺបានបញ្ចេញដាក់ពង្រាយតាមគ្រប់គោលដៅ និងតាមផែនការដែលបានកំណត់ និងបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា គិតត្រឹមលល្ងាចថ្ងៃទី១១ ខែវិច្ឆិកានេះ ប្រតិភូដែលបានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ គឺមានចំនួន២៣ប្រតិភូ ដោយក្នុងនោះមានទាំងប្រតិភូនាំមុខ ទាំងប្រតិភូជាន់ខ្ពស់ បើគិតសមាសភាពគណៈប្រតិភូមានចំនួនជាង១ពាន់នាក់ ហើយបានការពារប្រតិភូ នាំផ្លូវប្រកបដោយរលូន ដោយសុវត្ថិភាព និងគ្មានហេតុណាកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។ កិច្ចប្រជុំក៏បានដំណើរការទៅតាមកម្មវិធីដែលបានគ្រោងទុក និងដោយរលូន៕
ដោយ៖ពលជ័យ