នាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ជួបពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Yoon Suk Yeol ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ បានសម្តែងនូវសេចក្តីពេញចិត្តចំពោះការវិវត្តនៃទំនាក់ទំនងទ្វេភាគី ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្កើតនូវទំនាក់ទំនងការទូតនៃប្រទេសទាំងពីរដែលត្រូវបានបង្កើតឡើងដោយសម្តេចតេជោផ្ទាល់ នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកឧត្តមប្រធានាធិបតី Yoon បានសាទរចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការកើនឡើងនូវការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ហើយនឹងមានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលនឹងចូលជាធរមាននៅដើមខែក្រោយនេះ ក្រោយការផ្តល់សច្ចាប័នដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ នឹងធ្វើឱ្យកើនឡើងយ៉ាងខ្លាំងនូវទំហំពាណិជ្ជកម្មទេ្វភាគី។ ឯកឧត្តមប្រធានាធិបតី Yoon បានសម្តែងនូវសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា ដែលមានប្រសិទ្ធភាពអនុវត្តចាប់តាំងពីខែមករា ឆ្នាំ២០២២ នឹងជំរុញឱ្យមានការវិនិយោគរបស់កូរ៉េច្រើនថែមទៀតនៅកម្ពុជា។

ថ្នាក់ដឹកនាំទាំងពីរ បានកត់សម្គាល់ដោយរីករាយចំពោះការកើនឡើងនូវការវិនិយោគរបស់សាធារណរដ្ឋកូរ៉េ ដែលធ្វើឱ្យកូរ៉េឈរ នៅលេខរៀងទី២ ក្នុងចំណោមដៃគូវិនិយោគធំៗរបស់កម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើដល់ឯកឧត្តមប្រធានាធិបតី Yoon ឱ្យលើកទឹកចិត្តជំរុញការវិនិយោគរបស់កូរ៉េកាន់តែច្រើនថែមទៀតនៅកម្ពុជា។ ឯកឧត្តមប្រធានាធិបតី Yoon បានគូសបញ្ជាក់អំពីការគាំទ្ររបស់រដ្ឋាភិបាលរបស់ឯកឧត្តម ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយភាគីកម្ពុជា ជាពិសេសលើការអភិវឌ្ឍសេដ្ឋកិច្ច។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះជំនួយអភិវឌ្ឍន៍ ដែលផ្តល់ដោយរដ្ឋាភិបាលកូរ៉េ និងបានស្នើសុំឱ្យ ឯកឧត្តមប្រធានាធិបតី Yoon បន្តការគាំទ្រដល់គម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ជានិមិត្តរូបថ្មីនៃទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ។ ឯកឧត្តមប្រធានាធិបតី Yoon បានបញ្ជាក់អំពីការគាំទ្ររបស់ឯកឧត្តមក្នុងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការរបស់សាធារណរដ្ឋកូរ៉េដល់កម្ពុជា និងបានសម្តែងនូវសេចក្តីសង្ឃឹមថា គម្រោងស្ពានមិត្តភាព នឹងត្រូវបានអនុវត្តដោយរលូន ហើយនឹងក្លាយជាគម្រោងកិច្ចសហប្រតិបត្តិការដ៏ធំបំផុតរបស់សាធារណរដ្ឋកូរ៉េ នៅកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះភាគីកូរ៉េដែលបានទទួលយកពលករកម្ពុជា ហើយដែលពលករទាំងនោះបាននាំមកកម្ពុជាវិញ មិនត្រូវតែប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបច្ចេកវិទ្យាពីកូរ៉េផងដែរ។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ ក៏ដូចជាស្ថានភាពនៅឧបទ្វីបកូរ៉េផងដែរ៕

ads banner