ប្រធានអាស៊ាន៖ ការជួបជុំនាពេលនេះ បញ្ជាក់ច្បាស់ពីការប្តេជ្ញាចិត្តឥតងាករេនៃថ្នាក់ដឹកនាំប្រទេសអាស៊ានបូកបី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាក្នុងក្របខណ្ឌតំបន់ និងសកល
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានលើកឡើងថា ការជួបជុំនាពេលនេះ បញ្ជាក់ច្បាស់ពីការប្តេជ្ញាចិត្តឥតងាករេនៃថ្នាក់ដឹកនាំប្រទេសអាស៊ានបូកបី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាក្នុងក្របខណ្ឌតំបន់ និងសកល។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ដូចនេះ ក្នុងពេលដឹកនាំកិច្ចប្រជុំកំពូលអាស៊ានបូកបី នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ។
សម្តេចតេជោ ប្រធានអាស៊ាន បានបន្តថា អាស៊ានបូកបី គឺជាដៃគូដ៏សំខាន់ដែលមិនអាចខ្វះបានរបស់អាស៊ាន គ្រប់ទិដ្ឋភាពទាំងអស់ ទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិភាព និងនយោបាយ ដែលបានរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សន្តិភាព វិបុលភាពនៅក្នុងតំបន់ ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ការជួបជុំនាពេលនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តឥតងាករេនៃថ្នាក់ដឹកនាំប្រទេសអាស៊ានបូកបី និងការពង្រឹង ក៏ដូចជាកាន់តែធ្វើឲ្យស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមដ៏លំបាកនានាក្នុងក្របខណ្ឌតំបន់ និងសកល។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងក្នុងនាមប្រធានអាស៊ាន ថា ជាការពិត ប្រវត្តិសាស្រ្តបានបង្ហាញឲ្យឃើញថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយអាស៊ានបូកបី តែងតែប្រកាន់ខ្ជាប់ស្មារតីរួបរួមជានិច្ច។ សម្តេច បានបន្ថែមថា ភាពជោគជ័យ សមិទ្ធផលនូវកិច្ចសហប្រតិបត្តិការរបស់អាស៊ានបូកបីបានមកពីការខិតខំប្រឹងប្រែងឥតឈប់ឈរពីការប្រតិបត្តិការជិតស្និទ្ធ និងសាមគ្គីភាពដ៏រឹងមាំរបស់យើង។ ជាការកត់សម្គាល់ យន្តការអាស៊ានបូកបី បន្តជាកម្លាំងចលករស្នូលដែលមិនអាចខ្វះបាន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅអាស៊ីបូព៌ា ក៏ដូចជាក្នុងការឆ្លើយតបទៅនឹងវិបត្តិនានា ប្រកបដោយប្រសិទ្ធភាព ៕ ដោយ ៖ វណ្ណលុក



