លោក ត្រាំ៖ កិច្ចចរចាសន្តិភាពជាមួយក្រុមឧទ្ទាមតាលីបង់“បានស្លាប់ហើយ”
សហរដ្ឋអាម៉េរិក៖ កិច្ចចរចាសន្តិភាពរបស់សហរដ្ឋអាម៉េរិក ជាមួយក្រុមតាលីបង់ ដើម្បីបញ្ចប់ភ្លើងសង្គ្រាមរយៈពេល១៨ឆ្នាំមកនេះ នៅប្រទេសអាហ្វហ្កានីស្ថានឥឡូវនេះបានស្លាប់ហើយ។ នេះបើតាមការអះអាងរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ។ ប្រធានាធិបតីអាម៉េរិករូបនេះ បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា ពួកវាបានស្លាប់ហើយ ចំពោះខ្ញុំ! ពួកវាបានស្លាប់ហើយ។ ខណៈដែលនិយាយបែបនេះ គឺលោក ត្រាំ ចង់សំដៅដល់កិច្ចចរចាសន្តិភាពជាមួយពួកតាលីបង់ និងការដកកងទ័ពអាម៉េរិកចេញពីប្រទេសអាហ្វហ្កានីស្ថាន។
គួរបញ្ជាក់ថា ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងបន្ទាប់ពីលោក ត្រាំ ផ្ទាល់បានលុបចោលភ្លាមៗនូវកិច្ចប្រជុំសម្ងាត់ ដែលលោកបានគ្រោងនឹងធ្វើឡើងជាមួយពួកតាលីបង់ និង មេដឹកនាំអាហ្វហ្កានីស្ថានក្នុងបំណងបញ្ចប់សង្គ្រាមយូរអង្វែងមកនេះ ដោយសារកើតមានករណីបំផ្ទុះគ្រាប់បែកមួយនៅក្នុងទីក្រុងកាប៊ុល ដែលបណ្តាលឲ្យយោធាអាម៉េរិកម្នាក់ស្លាប់ និងជាង១០នាក់ទៀតរងរបួស៕ធ.ដ