អភិបាលក្រុងហុងកុង អំពាវនាវធ្វើការចរចាជាមួយក្រុមបាតុករជាថ្មីទៀត ប៉ុន្តែព្រមានកុំឲ្យ សហរដ្ឋអាម៉េរិកលូកដៃ

ហុងកុង៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះ អភិបាលក្រុងហុងកុង លោកស្រី ខារី ឡំា បានធ្វើការអំពាវនាវជាថ្មីទៀតទៅកាន់ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ ឲ្យបញ្ឈប់អំពើហិង្សា និងចូលមកចរចាគ្នា។ ស្របពេលជាមួយគ្នានេះដែរ លោកស្រី ខារី ឡំា ក៏បានធ្វើការព្រមានសហរដ្ឋអាម៉េរិក កុំឲ្យជ្រៀតជ្រែកក្នុងការឆ្លើយតបរបស់រដ្ឋាភិបាលរបស់លោកស្រី ចំពោះចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុង បន្ទាប់ពីពួកបាតុករនៅដំណាក់កាលចុងក្រោយនេះ បានស្នើឱ្យអាម៉េរិកជួយរំដោះហុងកុង និងដាក់សម្ពាធលើរដ្ឋាភិបាលក្រុងប៉េកាំង។

សូមរំលឹកថា កន្លងមកប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យមានដំណោះស្រាយដោយសន្តិវិធីមួយចំពោះវិបត្តិនេះ និងបានស្នើរដ្ឋាភិបាលក្រុងប៉េកាំង កុំឱ្យបង្កើនភាពតានតឹងជាមួយនឹងការបង្ក្រាបហិង្សាណាមួយ ដោយលោក ត្រាំ បាននិយាយទៀតថា វាអាស្រ័យលើចិនក្នុងការដោះស្រាយការតវ៉ាទាមទារនេះ។ ដោយឡែកសហរដ្ឋអាម៉េរិក ក៏បានច្រានចោលការចោទប្រកាន់របស់ចិនផងដែរ ដែលថា ខ្លួននៅពីក្រោយបាតុកម្មទាំងនេះ និងថា ចិនផ្តល់ភ័ស្តុតាងតិចតួចសម្រាប់គាំទ្រការចោទប្រកាន់នោះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner