សម្តេចតេជោនាយករដ្ឋមន្រ្តី និងអនុប្រធានាធិបតីឥណ្ឌា ជួបពិភាក្សាការងារទេ្វភាគី
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Jagdeep Dhankha អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា បានសម្តែងនូវសេចក្តីពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីដែលកំពុងមាននាពេលបច្ចុប្បន្ន និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងឥណ្ឌា ជាពិសេស នៅលើវិស័យនយោបាយ សេដ្ឋកិច្ច អប់រំ និងវប្បធម៌ នាជំនួបពិភាក្សាការងារទ្វេភាគី នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់កម្ពុជាចំពោះប្រទេសឥណ្ឌាជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយឯកឧត្តម Jagdeep Dhankha បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅរបស់រដ្ឋាភិបាលឥណ្ឌា សម្រាប់ការគាំទ្រនេះ។
ថ្នាក់ដឹកនាំទាំងពីរ បានលើកឡើងផងអំពីទំនាក់ទំនងជាមិត្តភាពដ៏យូរលង់រវាងប្រជាជាតិទាំងពីរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឥណ្ឌាគឺជាប្រទេសភ្ជាប់ទំនាក់ទំនងការទូតទីមួយ ដែលបានទទួលស្គាល់កម្ពុជាក្រោយការរំដោះប្រទេស ហើយនិងបានរំលឹកឡើងវិញអំពីដំណើរទស្សនកិច្ចជាលើកទី១ របស់សម្តេចទៅកាន់ប្រទេសឥណ្ឌា នៅឆ្នាំ១៩៨១ ដែលជាការបើកទំព័រថ្មីក្នុងទំនាក់ទំនងកម្ពុជា-ឥណ្ឌា។ ឯកឧត្តមអនុប្រធានាធិបតី Jagdeep Dhankha បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់សម្តេចតេជោ ក្នុងការលើកកម្ពស់ទំនងទំនងទ្វេភាគីទៅកាន់កម្រិតខ្ពស់ជាងមុន។

ឯកឧត្តមអនុប្រធានាធិបតី Jagdeep Dhankha បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា ប្រទសឥណ្ឌាកំពុងរំពឹងដល់ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសឥណ្ឌានៅឆ្នាំក្រោយ និងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដើម្បីរំឭកខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ឥណ្ឌា និងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំថែមទៀត។
ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនង ខណៈដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដោយក្តីសោមនស្សរីករាយចំពោះការកើនឡើងនូវទំហំពាណិជ្ជកម្មទ្វេភាគី និងបានលើកទឹកចិត្តឱ្យភាគីទាំងពីរស្វែងរកលទ្ធភាពដើម្បីជំរុញទំហំពាណិជ្ជកម្មបន្ថែមទៀត។ សម្តេចតេជោ ក៏បានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីនផងដែរ ដើម្បីជួយកម្ពុជាឱ្យសម្រេចបាន នូវគោលដៅរបស់ខ្លួន «កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥»។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណរដ្ឋាភិបាលឥណ្ឌាដែលបានផ្តល់ជំនួយលើការអភិវឌ្ឍធនធានមនុស្ស ការអភិរក្សប្រាសាទ បុរាណ និងការអភិវឌ្ឍធនធានទឹកសម្រាប់វិស័យកសិកម្ម។
នៅក្រោយជំនួបទ្វេភាគី សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ឯកឧត្តមអនុប្រធានាធិបតី Jagdeep Dhankha បានអញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរឯកសារដែលចុះហត្ថលេខារួចចំនួនបួន រួមមាន៖
១. អនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌាជូដពរ (IIT Jodhpur) ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឌីជីថលូបនីយកម្មតំបន់បេតិកភណ្ឌកម្ពុជា។
២. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្រ្តស្តារសត្វខ្លាធំ និងទីជម្រករបស់វា រវាងក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថាន ព្រៃឈើ និងបម្រែបម្រួលអាកាសធាតុឥណ្ឌា។
៣. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខភាព និងឱសថ រវាងក្រសួងសុខាភិបាលកម្ពុជា និងក្រសួងសុខាភិបាល និងសង្គមកិច្ចគ្រួសារឥណ្ឌា។
៤. កិច្ចព្រមព្រៀងហិរញ្ញវត្ថុរវាងរដ្ឋាភិបាលកម្ពុជា និងឥណ្ឌា លើការជួសជុល និងអភិរក្ស គំនូរវត្តរាជបូណ៌ ខេត្តសៀមរាប៕

