ឯកឧត្តម ហ៊ុន ម៉ានី៖ តើមនុស្សប៉ុន្មាននាក់ដែលគិតថា កម្ពុជាអាចមានថ្ងៃនេះ? តើអ្វីៗដែលយើងសម្រេចបាននេះ ជារឿងចៃដន្យឬ?

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ត្រឡប់ទៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ យុទ្ធជនមួយក្រុមតូចដឹកនាំដោយសមមិត្ត ហ៊ុន សែន ផ្តើមការតស៊ូដាក់ជីវិត រើបម្រះចេញពីរបបខ្មែរក្រហមដ៏ខ្មៅងងឹត។ កាលនោះ តើមនុស្សប៉ុន្មាននាក់ ដែលគិតថា គាត់អាចទទួលបានជោគជ័យ និងអាចដឹកនាំប្រទេសរហូតបានមកដល់ថ្ងៃនេះ?

ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ កម្ពុជាត្រូវបានរំដោះទាំងស្រុងចេញពីរបបខ្មែរក្រហម។ ពីបាតដៃទទេ កម្ពុជាត្រូវបន្តរស់ដោយពឹងខ្លួនឯងចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ ក្រោមទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរពីប្រទេសបស្ចិមលោក ដែលមានចេទនាដាក់កម្ពុជាឱ្យនៅឯកកោ។ ទោះយ៉ាងនេះ កម្ពុជាបន្តរស់ដោយខ្លួនឯងយ៉ាងអង់អាចរហូតដល់មានកិច្ចសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ឈានទៅដល់ការបោះឆ្នោតសកលឆ្នាំ១៩៩៣ ដែលកាលនោះ សន្តិភាពពេញលេញក៏រកមិនទាន់បាន ទោះមានជំនួយពីអង្គការសហប្រជាជាតិ។ សង្រ្គាមនៅបន្ត ដែលតម្រូវឱ្យកម្ពុជា ត្រូវបន្តដោះស្រាយបញ្ហាផ្ទៃក្នុងជាច្រើន ដោយខ្លួនឯងជាថ្មី។ ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្មះ-ឈ្មះ ដែលផ្តួចផ្តើមឡើងដោយឯកឧត្តម ហ៊ុន សែន សន្តិភាពពេញលេញបានកើតមានឡើង ហើយខ្មែរគ្រប់ភាគីបានក្លាយជាអ្នកឈ្មះ ក្រោមនយោបាយដែលដាក់ចេញដោយខ្មែរខ្លួនឯង។ នេះជាសន្តិភាព ដែលកើតមានឡើងក្រោមការលះបង់ ការប្រឹងប្រែង និងការតម្តល់ប្រយោជន៍ជាតិខ្មែរជាធំ។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា សន្តិភាពពេញលេញ បានក្លាយជាមូលដ្ឋានដ៏រឹងមាំដែលអាចឱ្យកម្ពុជាបោះជំហ៊ានដ៏ស្វាហាប់លើគ្រប់វិស័យ។ ក្រៅពីវិស័យអប់រំ សុខាភិបាល និងវិស័យសំខាន់ៗផ្សេងៗទៀត វិស័យសេដ្ឋកិច្ចបានរីកធំធាត់គួរឱ្យកត់សម្គាល់។ ជាង០២ទស្សវត្សចុងក្រោយ កម្ពុជាត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនជាងគេមួយ ក្នុងចំណោម០៦ ប្រទេសលើលោក ដែលមានសេដ្ឋកិច្ចរីកចម្រើនក្នុងរង្វង់០៧%។ ក្រៅពីវិស័យសេដ្ឋកិច្ច ការរីកចម្រើនក្នុងវិស័យការទូត ក៏ជាចំណុចដ៏សំខាន់មួយ ដែលគួរឱ្យកត់សម្គាល់។ កម្ពុជា ដែលធ្លាប់តែជាប្រទេសខ្ទេចខ្ទាំដោយសារសង្គ្រាម និងដែលធ្លាប់ស្នើសុំទាំងជំនួយសង្គម និងមនុស្សធម៌ពីបណ្តាប្រទេសនានាលើលោក បានក្លាយជាប្រទេសដែលផ្តល់ជំនួយទៅបណ្តាប្រទេសផ្សេងៗនោះទៅវិញ។ កម្ពុជាបានក្លាយទៅជាប្រធាន និងសមាជិកអង្គការអន្តរជាតិធំៗជាច្រើន រួមជាមួយនឹងអង្គការក្នុងតំបន់ ដែលក្នុងនោះរួមមានសមាគមប្រជាជាតិអាស៊ីអាគ្មេយ៍ (ASEAN) នេះជាអាទិ៍។ ក្នុងឋានៈថ្មីៗទាំងនេះ កម្ពុជាមិនត្រឹមតែបានចូលរួមក្នុងការសម្របសម្រួលលើយន្តការតំបន់ និងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដើរតួនាទីជាអ្នកកាច់ចង្កូតនាវាតំបន់ និងអន្តរជាតិផងដែរ។ តើនេះ ជារឿងចៃដន្យទេ?

ឯកឧត្តមបានបន្តថា ការអញ្ជើញចូលរួមពីបណ្តាប្រមុខថ្នាក់ដឹកនាំកំពូលៗលើលោកនៅពេលនេះ ឆ្លុះបញ្ជាំងយ៉ាងច្បាស់ពីតួនាទីដ៍សំខាន់របស់កម្ពុជា ការជឿទុកចិត្តលើកម្ពុជា និងការឱ្យតម្លៃដល់កម្ពុជា។ ភាពជោគជ័យនៅថ្ងៃនេះ មិនមែនជារឿងចៃដន្យឡើយ ហើយក៏មិនមែនជាអ្វី ដែលបរទេសណាម្នាក់បានផ្តល់ឱ្យកម្ពុជាឡើយ។ ភាពជោគជ័យនៅថ្ងៃនេះ ជាញើស ជាឈាមរបស់កម្ពុជាសុទ្ធសាធ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ប្រមុខរាជរដ្ឋាភិបាលយើង ជាមួយនឹងការបន្តគាំទ្ររបស់ខ្មែរយើងម្នាក់ៗលើការដឹកនាំដ៏ត្រឹមត្រូវនេះ៕
ដោយ៖ពលជ័យ

ads banner