នាយករដ្ឋមន្ត្រីកម្ពុជា និងអូស្ត្រាលី ជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានជួបពិភាក្សាទ្វេភាគី នាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលនៅក្នុងជំនួបនោះ នាយករដ្ឋមន្រ្តីទាំងពីរបានចែករំលែកសេចក្តីសោមន្សរីករាយក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-អូស្ដ្រាលី។

ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
នាយករដ្ឋមន្រ្តីទាំងពីរ បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹង និងពង្រីកកិច្ចសហ-ប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងបានកត់សម្គាល់ដោយក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការ ដ៏ល្អក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ រួមទាំងការរុករករ៉ែមាសផងដែរ។ ទន្ទឹម នឹង ការសាទរ ចំពោះ អភិវឌ្ឍ ន៍ដ៏ គួរ ឲ្យ កត់ សម្គាល់ របស់កម្ពុជា ឯកឧត្តម Anthony Albanese ក៏បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះវិធានការទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលអូស្រ្ដាលីសម្រាប់ការរួមចំណែកដល់ដំណើរការកសាងសន្តិភាព និងការបន្តផ្តល់ជំនួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា តាមរយៈការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការលើវិស័យផ្សេងៗ រួមមាន អប់រំ កសិកម្ម ហេដ្ឋារចនា សម្ព័ន្ធ ការបោសសំអាតមីន និងសុខាភិបាល ជាពិសេសការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួនប្រមាណ ជិត ៣លានដូស និងឧបករណ៍វេជ្ជសាស្ត្រផ្សេងៗទៀត យ៉ាងទាន់ពេលវេលា។ សម្តេចតេជោ បានស្នើដល់អូស្ត្រាលីឱ្យបន្តផ្តល់ជំនួយលើការបោសសំអាតមីន ដើម្បីជួយកម្ពុជាសម្រេចបាននូវគោលដៅ «កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥»។
ក្នុងក្របខ័ណ្ឌអាស៊ាន ថ្នាក់ដឹកនាំទាំងពីរ បានស្វាគមន៍ចំពោះវឌ្ឍនភាពនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រាយរវាងអាស៊ាន-អូស្ត្រាលី។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ អូស្រ្ដាលីដែលបានគាំទ្រភាពជាប្រធានអាស៊ាននៅឆ្នាំ២០២២របស់កម្ពុជា។ ឯកឧត្តមនាយករដ្ឋមន្ត្រី Albanese បានវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំរបស់សម្តេចតេជោក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ និងក្នុងការស្វែងរកដំណោះស្រាយចំពោះវិបត្តិមីយ៉ាន់ម៉ា។ ឯកឧត្តម នាយករដ្ឋមន្ត្រីក៏ បានថ្លែងអំណរគុណ សម្តេច តេ ជោ ដែល បាន អំពាវនាវ ឱ្យ ដោះលែង សាស្ត្រាចារ្យសញ្ជាតិ អូស្ត្រាលី Sean Turnell ផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម Anthony Albanese ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនទៀតដែលជាកង្វល់រួមផងដែរ៕

