សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន ធ្វើជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន

ភ្នំពេញ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វឹមីអូ (KISHIDA Fumio) នាយករដ្ឋមន្ដ្រី នៃ ប្រទេសជប៉ុន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម កាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដូចខាងក្រោម នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ៖
«គម្រោងសាងសង់អគារហ្វឹកហ្វឺន និងអគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាមនៃ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា» ដែលមានទឹកប្រាក់ចំនួន ២៤៥១ លានយ៉េន (ប្រមាណ ១៧ លានដុល្លារអាមេរិក)
«កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» ដែលមានទឹកប្រាក់ចំនួន ១.១៥០ លានយ៉េន (ប្រមាណ ៨ លានដុល្លារអាមេរិក)
«គម្រោងកែលម្អការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រដែលអាចចម្លងមេរោគ» ដែលមានទឹកប្រាក់ ចំនួន ៤៣៦ លានយ៉េន ប្រមាណ ៣ លានដុល្លារអាមេរិក) និង «គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត រោងចក្រភូមិព្រែក ដែលមានទឹកប្រាក់ ចំនួន ៣៣៦១ លានយ៉េន ប្រមាណ ២៣លាន ៣សែន ដុល្លារអាមេរិក)

ក្នុងពេលជាមួយគ្នានោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏នឹងចុះហត្ថលេខាលើ ឯកសារដូចខាងក្រោមជាមួយភាគីជប៉ុន៖
កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងចំនួន០៣ ខាងលើ ដែលអនុវត្ត ដោយ JICA ជាមួយលោកស្រី កាមេ ហារុកុ (KAMEI – Haruko) ប្រធានតំណាង ការិយាល័យទីភ្នាក់ងារកិច្ចសហប្រតិបត្តិការជប៉ុន (JICA) ប្រចាំកម្ពុជា និងអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុន Toyota Tsusho Corporation ជាមួយលោក (តូហ្ស៊ីមីតស៊ូ អ៊ុម៉ៃ) Toshimitsu Imai អគ្គនាយករងប្រតិបត្តិក្រុមហ៊ុន Toyota Tsusho Corporation។

ហិរញ្ញប្បទានឥតសំណង ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះនឹងរួមចំណែកយ៉ាងសំខាន់ដល់កិច្ច ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រម ទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ និងចំណងមិត្តភាពជា ប្រពៃណីរវាងប្រទេសទាំងពីរ៕
ដោយ៖ពលជ័យ

ads banner