កិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ បានចាប់ផ្ដើម នៅព្រឹកថ្ងៃទី១៣វិច្ឆិកា
ភ្នំពេញ ៖ កិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការយាង និងអញ្ជើញចូលរួមដោយមេដឹកនាំកំពូលរបស់អាស៊ាន និងប្រទេសដៃគូសន្ទនា ព្រមទាំងថ្នាក់ដឹកនាំអង្គការសកល ជាច្រើនទៀត មានដូចអង្គការសហប្រជាជាតិ, សហភាពអឺរ៉ុប, ធនាគារអភិវឌ្ឍអាស៊ី ADB, វេទិកាសេដ្ឋកិច្ចពិភពលោក និងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ជាដើម ។ កិច្ចសន្ទនាអាស៊ានជាសាកល លើកទី២នេះ ធ្វើឡើងស្តីពីការស្តារឡើងវិញ ក្រោយជំងឺកូវីដ-១៩ ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំខាងលើនេះ ក៏នៅមានកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៧ ដោយមានការយាង និងអញ្ជើញចូលរួមពីសំណាក់មេដឹកនាំកំពូលអាស៊ាន ជាមួយមេដឹកនាំប្រទេសចំនួន៨ផ្សេងទៀត រួមមាន៖ ចិន អាមេរិក រុស្ស៉ី អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងនូវែលហ្សេឡង់។

បន្ទាប់ពីកិច្ចប្រជុំទាំង២នេះ សម្តេចតេជោ ហ៊ុន សែន នឹងប្រកាសបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០, ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងប្រគល់ញញួរផ្ទេរតួនាទីប្រធានអាស៊ាន ប្តូរវេនសម្រាប់ឆ្នាំ២០២៣ ជូនឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដើម្បីធ្វើជាប្រធានអាស៊ានបន្តពីកម្ពុជា និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧។

ដោយឡែកកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នឹងមានការយាង និងអញ្ជើញចូលរួមពីសំណាក់មេដឹកនាំកំពូលអាស៊ាន ជាមួយមេដឹកនាំប្រទេសចំនួន ៨ផ្សេងទៀត រួមមាន ចិន អាមេរិក រុស្ស៉ី អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងនូវែលហ្សេឡង់ ៕ ដោយ ៖ វណ្ណលុក




