សម្ដេចតេជោ ហ៊ុន សែន ៖ រយៈពេលត្រឹម ៤ថ្ងៃ កិច្ចប្រជុំកំពូលចំនួន ១៦ បានបញ្ចប់ នៅចំពេលដែលពោរពេញដោយបញ្ហាប្រឈម

ភ្នំពេញ៖ ការបញ្ចប់នូវកិច្ចប្រជុំកំពូល ចំនួន ១៦ ក្នុងរយៈពេលត្រឹម ៤ ថ្ងៃ គឺជារឿងដ៏លំបាកមួយ ជាពិសេស នៅចំពេលដែលពោរពេញដោយបញ្ហាប្រឈម ។ នេះជាការបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងពិធីផ្ទេរតំណែងប្រធានអាស៊ាន ជូនឥណ្ឌូនេស៊ី នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីមេដឹនាំអាស៊ាន និងប្រទេសដៃគូសន្ទនា ព្រមទាំងថ្នាក់ដឹកនាំអង្គការសកល ជាច្រើនទៀត។

សម្ដេចតេជោ បានថ្លែងដោយក្តីរីករាយ ដែលកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ត្រូវបានបញ្ចប់ដោយជោគជ័យ និងសូមអគុណចំពោះកិច្ចសហប្រតិបត្តិការពេញលេញ ការគាំទ្រ និងភាពទន់ភ្លន់ ដែលបានផ្តល់ឱ្យដោយប្រទេសជាសមាជិកអាស៊ាន និងប្រទេសជាដៃគូ និងបាននាំមកនូវសមិទ្ធផលដ៏ច្រើនក្រៃលែងគួរជាទីមោទនៈ ។

សម្ដេចក៏បានបង្ហាញក្តីរីករាយ ដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដោយផ្ទាល់ សម្រាប់ថ្នាក់ដឹកនាំ និងប្រតិភូគ្រប់គ្នានៅទីក្រុងភ្នំពេញនេះ គឺមិនអាចវាស់វែងបាននោះទេ ។ សម្ដេចថា រយៈពេល ២ឆ្នាំកន្លងទៅ ការទាក់ទងគ្នាដោយផ្ទាល់ ត្រូវបានបន្ទច់បង្អាក់ដោយជំងឺកូវីដ-១៩ និងការបំប្លែងថ្មីៗនៃមេរោគនេះ ។ ជាការពិត ការបញ្ចប់នូវកិច្ចប្រជុំកំពូល ចំនួន ១៦ ក្នុងរយៈពេលត្រឹម ៤ ថ្ងៃ គឺជារឿងដ៏លំបាកមួយ ជាពិសេស នៅចំពេលដែលពោរពេញដោយបញ្ហាប្រឈម ។ សម្ដេច ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនៃក្រុមការងារយើង ដើម្បីធានាដល់ភាពងាយស្រួល និងផាសុកភាព សម្រាប់យើងរាល់គ្នា និងដើម្បីការបញ្ចប់ភាពជាប្រធានអាស៊ានប្រកបដោយជោគជ័យ ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបន្តទៀតថា ក្នុងរយៈពេល ៤ថ្ងៃនេះ យើងសម្រេចបាននូវកិច្ចសន្ទនាគ្រប់ជ្រុងជ្រោយ និងប្រកបដោយ ផ្លែផ្កាលើកិច្ចការបន្តទៅមុខ ដើម្បីពង្រឹងមជ្ឈភាពអាស៊ាន និងគុណតម្លៃរបស់យើង ក្នុងកិច្ចទំនាក់ទំនងជាមួយដៃគូខាងក្រៅ ជាពិសេសនៅពេលដែលសកលលោក កំពុងជួបប្រទះនឹងបញ្ហាស្មុគស្មាញ ក្នុងតំបន់ និងជាអន្តរជាតិ ដែលប្រែប្រួលយ៉ាងឆាប់រហ័ស ៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner