រដ្ឋមន្ដ្រីការ បរទេស បារាំង បញ្ជាក់ ថា ពលរដ្ឋ បារាំង ២ នាក់ ទៀតរង ការ ឃុំ ខ្លួន ក្នុង ប្រទេស អ៊ីរ៉ង់
រដ្ឋមន្ដ្រី ក្រសួង ការ បរទេស បារាំង លោក ស្រី Catherine Colonna បាន ថ្លែង នៅ ថ្ងៃ សៅរ៍ ទី ១២ ខែ វិច្ឆិកាថា មាន ពលរដ្ឋ បារាំង ២នាក់ ទៀត ត្រូវ រង ការ ឃុំ ខ្លួន នៅ ក្នុង ប្រទេស អ៊ីរ៉ង់ និង ទាមទារជា បន្ទាន់ ឱ្យ មាន ការ ដោះ លែង ពួក គេ ទាំង ២នាក់ ព្រមទាំង ពលរដ្ឋ បារាំង ចំនួន ៥ នាក់ ផ្សេង ទៀត ដែល ត្រូវ បាន អាជ្ញាធរ អ៊ីរ៉ង់ ចាប់ ឃុំ ខ្លួន នា ពេល កន្លង មក។
បើ តាម ប្រមុខ ការទូត បារាំង បើ រាប់ ទាំង ករណី ចាប់ ខ្លួន ចុង ក្រោយ នេះ មាន ពលរដ្ឋ បារាំង សរុប ចំនួន ៧ នាក់ហើយ ដែលកំពុង ស្ថិត ក្រោម ការ ឃុំ ខ្លួន នៅ ប្រទេស អ៊ីរ៉ង់ ។ លោ ក ស្រី Catherine Colonna៖ «យើង ព្រួយ បារម្ភ អំពី ជន រួម ជាតិ ទាំង២ រូប ដែល រង ការ ឃុំ ខ្លួន ចុង ក្រោយ ដោយ អាជ្ញាធរ អ៊ីរ៉ង់ ។ វាមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ក្នុងការរំឭកអ៊ីរ៉ង់អំពីកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន»។
ព័ត៌មាន នៃ ការ ឃុំខ្លួន ពលរដ្ឋ បារាំង ចំនួន ២ រូប ចុង ក្រោយ នេះ ធ្លាក់ មក មួយ ថ្ងៃ បន្ទាប់ ពី ប្រធានាធិបតី បារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុង បាន ជួប ជាមួយ សកម្មជន ស្ដ្រី អ៊ីរ៉ង់ ដ៏ លេច ធ្លោ ចំនួន ៤ រូប នៅ ឯវិមាន អេលីហ្សេ ក្នុង ទីក្រុង ប៉ារីស។ លោក អេម៉ានុយអ៊ែល ម៉ាក្រុង ធ្លាប់ បានលើក ឡើង កាល ពី ខែ មុន អំពី ជំហរ គាំទ្រ របស់ បារាំងលើ ក្រុម បាតុករ នៅ ប្រទេស អ៊ីរ៉ង់។ លោក ថែម ទាំង បាន សម្ដែង ការ កោត សរសើរ ចំពោះ ស្ដ្រី និង យុវជន នៅ ប្រទេស អ៊ីរ៉ង់ ដែល ចេញ មុខ ធ្វើ បាតុកម្ម នៅ ក្នុង ប្រទេស។
ការ លើក ឡើង របស់ ប្រធានាធិបតី បារាំង ដូច្នេះ ត្រូវ បាន ក្រសួង ការបរទេស អ៊ីរ៉ង់ ចាត់ ទុក ថា ជា ការ លូក ដៃ ចូល កិច្ច ការ ផ្ទៃ ក្នុង អ៊ីរ៉ង់ និង មាន ខ្លឹមសារ លើក ទឹក ចិត្ត អ្នក បង្ក ហិង្សា និង អ្នក បំពាន ច្បាប់ ។
សូម រំឭក ថា នៅ ប្រទេស អ៊ីរ៉ង់ បាតុកម្មទ្រង់ ទ្រាយ ធំ នៅ ទូទាំង ប្រទេស បាន ផ្ទុះ ឡើង តាំង ពី ពាក់ កណ្ដាល ខែ កញ្ញា ក្រោយ ពី មាន ករណី ស្លាប់របស់ យុវតី Mahsa Amini នៅ ក្រោម ការ ឃុំឃាំង របស់ ប៉ូលីស ។ យុវតី Mahsa Amni ត្រូវ ចាប់ ខ្លួន យក ទៅ បង្ឃាំង ដោយ ប៉ូលីស ចោទនាង ថា ខុស សីលធម៌ ដោយ ពាក់ ក្រណាត់ រុំ ក្បាល ពុំ បាន ត្រឹម ត្រូវ ។
ជា ការ កត់ សម្គាល់ គិត ត្រឹម ពេល នេះ បារាំង នៅពុំ ទាន់ អាច កំណត់អត្តសញ្ញាណ នៃ ពលរដ្ឋ បារាំង ទាំង២ នាក់ ដែល ទើប រង ការ ឃុំ ខ្លួន នេះ នៅ ឡើយ ទេ។ ចំណែក ពលរដ្ឋ បារាំង ចំនួន ៥ នាក់ ទៀត ដែល ត្រូវ អាជ្ញាធរ អ៊ីរ៉ង់ ចាប់ ឃុំ ខ្លួន កន្លង មក មាន ជា អាថិ៍៖ អ្នកស្រាវជ្រាវជនជាតិបារាំង-អ៊ីរ៉ង់ Fariba Adelkhah ដែលត្រូវបានចាប់ខ្លួនក្នុងខែមិថុនា ឆ្នាំ២០១៩ ហើយក្រោយមកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ពីបទបំផ្លាញសន្តិសុខជាតិ, លោក Benjamin Briere ត្រូវបានចាប់ខ្លួនក្នុងខែឧសភា ឆ្នាំ២០២០ ហើយក្រោយមកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៨ឆ្នាំ ៨ខែពីបទចារកម្ម, មន្ត្រីសហជីពគ្រូបង្រៀនបារាំង Cecile Kohler និងដៃគូ Jacques Paris ត្រូវបានឃុំខ្លួនក្នុងខែឧសភា ឆ្នាំ២០២២ ដោយរង ការ ចោទប្រកាន់ពីបទព្យាយាមបង្កចលាចល ក្នុង អំឡុងពេលកូដកម្មរបស់គ្រូបង្រៀន, ព្រម ទាំង ជនជាតិ បារាំង ម្នាក់ទៀត ដែល ធ្វើ ដំណើរ កាត់តាម ទីក្រុង តេអេរ៉ង់។
រដ្ឋាភិបាល បារាំង កាលពី ខែ មុន បាន ណែនាំ ពលរដ្ឋ របស់ខ្លួន ដែលនៅប្រទេស អ៊ីរ៉ង់ ឱ្យ ចាកចេញ ពី ប្រទេស នេះ ឱ្យបាន ឆាប់ តាម ដែល អាច ធ្វើទៅបាន ៕កែវ កិរិយា