នាវាទេសចរណ៍ ដែលផ្ទុះ ឆ្លង ជំងឺកូវីដ ១៩ ជាង ៨០០ ករណី ចូលចតនៅទីក្រុង ស៊ីដនី
អូស្រ្តាលី៖ នាវា ទេសចរណ៍ មួយដែល មាន ផ្ទុះ ឆ្លង ជំងឺ កូវីដ ១៩ ជាង ៨០០ ករណី បាន ចូល ចត នៅ កំពង់ផែ Circular Guay នៃ ទីក្រុង ស៊ីដនី កាល ពី ព្រឹក ថ្ងៃ សៅរ៍ ទី ១២ ខែ វិច្ឆិកា ក្រោយពេល ត្រឡប់ មក ពី ដំណើរទេសចរណ៍ នៅ ប្រទេស ណូវែលហ្សេឡង់ វិញ ។ នាវា Majestic Princess ដែល ផ្ទុះ ឆ្លង ជំងឺ កូវីដ ១៩ នេះ មាន ផ្ទុក អ្នក ដំណើរ ចំនួន ជាង ៤,០០០ នាក់ ក្នុង នោះ អ្នក ដំណើរ ប្រមាណ ៨០០ នាក់ បាន ឆ្លង ជំងឺ កូវីដ ១៩ ។
សេចក្ដី ថ្លែងការណ៍ របស់ នាវា នេះ បាន ឱ្យ ដឹង ថា ភ្ញៀវ ជា អ្នក ដំណើរ នៅ លើ កប៉ាល់ទាំង អស់ បានធ្វើ តេស្ត រហ័ស រក ជំងឺ កូវីដ ១៩ ក្នុង រយៈ ពេល មិន ដល់ មួយ ថ្ងៃ មុន ពេល ត្រូវ ចុះ ពីនាវា ហើយ ជា លទ្ធផល គេ រកឃើញ អ្នក ដំណើរ ជាង ៨០០ នាក់ វិជ្ជមាន ជំងឺ កូវីដ ១៩ ។ អ្នក ដំណើរ ដែល មាន វិជ្ជមាន កូវីដ ១៩ តម្រូវ ឱ្យ ចុះ ពី នាវា តាម ច្រក ដាច់ ដោយ ឡែក និង មិន អនុញ្ញាត ឱ្យ ប្រើ ប្រាស់ មធ្យោបាយ ធ្វើ ដំណើរ សាធារណៈ ឡើយ ក្រោយពេល ចុះ ពី នាវា រួច ។
ការ ផ្ទុះ ឆ្លង ជំងឺ កូវីដ ១៩ នៅ លើ នាវា កម្សាន្តក្នុង លក្ខណៈ ទ្រង់ទ្រាយ ធំ ដូច្នេះ រំឭក អំពីករណី នាវា កម្សាន្ត Ruby Princess ដែល ផ្ទុះ ឆ្លង ជំងឺ កូវីដ ១៩ ជាង ៩០០ ករណី កាល ពី ដើម ឆ្នាំ ២០២០។ ទាំង នាវា Ruby Princess និង នាវា Majestic Princess សុទ្ធ តែ ស្ថិត ក្រោម ការ គ្រប់ គ្រង របស់ ក្រុមហ៊ុន Carnival Australia។ លោក ស្រី Marguerite Fitzgerald ប្រធាន ក្រុមហ៊ុន Carnival Australia បញ្ជាក់ ថា ចាប់ តាំង ពី ឆ្នាំ ២០២០ មក ទល់ ពេល នេះ ក្រុមហ៊ុន លោក ស្រី និយាយ ដោយ ឡែក និង ពិភពលោក ទាំង មូល និយាយ ជារួម បាន យល់ ដឹង ច្រើន ជាង មុន អំពី ជំងឺ កូវីដ ១៩ ។ បើ តាម ប្រធាន ក្រុមហ៊ុន Carnival Australia ដដែល ករណី កូវីដ ១៩ដែល ផ្ទុះ ឆ្លង នៅ លើ នាវា Majestic Princess ចុង ក្រោយ នេះ ត្រូវ បាន រក ឃើញ ចាប់ តាំង ពី ថ្ងៃ ទី ១២ នៃ ដំណើរ កម្សាន្ត ហើយ បុគ្គលិក នៅ លើ នាវា បាន ចាត់ចែង ដាក់ អ្នក ឆ្លង ជំងឺ ទាំង អស់ ឱ្យ នៅ ដាច់ ដោយ ឡែក តាំង ពី ពេល នោះ មក ម្ល៉េះ ។
ការ ផ្ទុះ ឆ្លង កូវីដ ១៩ នៅលើ នាវា នា ពេល នេះ កើត ឡើង ស្រប ពេល ដែល អូស្ត្រាលី រក ឃើញ អ្នក ឆ្លង កូវីដ ១៩ កើន ឡើង នៅ ទូទាំង ប្រទេស ក្នុង នោះ នៅ រដ្ឋ New South Wales មាន ករណី ឆ្លង កូវីដ ដល់ ទៅ ១៩,៨០០ ករណី នៅ ក្នុង រយៈ ពេល ៧ ថ្ងៃ ចុង ក្រោយ គិត ត្រឹម ថ្ងៃ សុក្រ ទី ១១ ខែ វិច្ឆិកា ៕
ដោយ:កែវ កិរិយា