រដ្ឋបាលខេត្តកណ្តាលនិងវៀតណាម ចុះហត្ថលេខាស្រាវជ្រាវ រុករក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ក្នុងជំហានទី២២ ឆ្នាំ២០២២-២០២៣

ភ្នំពេញ៖ គិតចាប់ ពីឆ្នាំ២០០២ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ កិច្ចសហការស្វែងរកអដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ទទួលបានជាង ១ ០០០ អដ្ឋិធាតុ ក្នុងនោះក៏បានធ្វើពិធីប្រគល់-ទទួល រួចរាល់ហើយដែរ។

នេះជាការ លើកឡើង របស់ លោក នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជំនាញខេត្តកណ្តាល កាល ពី ថ្ងៃទី១១ ខែវិច្ឆិកា ក្នុងពិធីចុះហត្ថលេខាបន្តសហការរុករក ជីកលើក ធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហានទី២២ រដូវប្រាំង ឆ្នាំ២០២២-២០២៣។

លោក នៃ និយម បាន ថ្លែងថា កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្ដាល យោធភូមិភាគពិសេសបានសហការជាមួយ ក្រុមK90 ចុះស្រាវជ្រាវ រុករកជីកគាស់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាម នៅក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានចំនួន១៣ចំណុច ដោយ សម្រេចលទ្ធផលសរុបចំនួន ២២អដ្ឋិធាតុ។

ក្នុងនោះស្រុកខ្សាច់កណ្តាលចំនួន ១៩អដ្ឋិធាតុ និងស្រុកល្វាឯមចំនួន ៣អដ្ឋិធាតុ និងបានប្រារព្ធពិធីប្រគល់-ទទួល ដើម្បីធ្វើមាតុភូមិនិវត្តន៍ ទៅកាន់មាតុប្រទេសវិញកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។

លោក នៃ និយម បានថ្លែងថា ៖ «គិតពីឆ្នាំ២០០២ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ កិច្ចសហការជីកលើកអដ្ឋិធាតុ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ទទួលបានលទ្ធផលសរុបចំនួន ១,២១០ អដ្ឋិធាតុ ក្នុងនោះ បានធ្វើពិធីប្រគល់-ទទួល ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញរួចរាល់»។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល រូបនេះបាន បន្តថា ក្រុមការងារនឹងខិតខំប្រឹងប្រែង សហការគ្នាបន្តទៀតរវាង ក្រុមការងារខេត្តកណ្តាលជាមួយក្រុម K 90 ដើម្បីបន្តលទ្ធភាព សម្រាប់បម្រើឲ្យកិច្ចសហប្រតិបត្តិការ រុករក ជីកលើក និងធ្វើ មាតុភូមិនិវត្តន៍អដ្ឋិធាតុ ជំហានទី ២២ រដូវប្រាំង ឆ្នាំ២០២២ និង ២០២៣ ឲ្យទទួលបានលទ្ធផលល្អ។

ជាមួយគ្នានោះដែរ លោក ដន ថាញ់ស្វឺន អនុប្រធាននយោបាយ និងជាប្រធានចង្អុលការ ៥១៥ យោធភូមិភាគទី៩ នៃកងទព័ប្រជាជនវៀតណាម ក៏បានលើកឡើងនាពិធីចុះហត្ថលេខានោះដែរថា ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យកម្ពុជាមានការរីកចម្រើន ហើយបើទោះបីជាពេលនេះកម្ពុជា កំពុងមមាញឹក ក្នុងការធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំអាស៊ាន ក៏ដោយ ក៏ការសហការរវាងកម្ពុជា និងវៀតណាម នៅតែជាមិត្តម៉ឺនឆ្នាំ ប្រកៀកស្មាគ្នា និងប្រយុទ្ធសត្រូវរួមគ្នាដដែល។

លោកបាន ថ្លែងថា ៖ «ការចុះហត្ថលេខា លើកំណត់ហេតុ បន្តសហការស្រាវជ្រាវរុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ របស់កងទ័ពស្ម័គ្រចិត្ត វៀតណាម និងជំនាញការវៀតណាម ជំហានទី២២ នៅរដូវប្រាំង ឆ្នាំ ២០២២ និង ២០២៣ នៅខេត្តកណ្តាលនៅតែបន្ត ដែល នេះជាការសាមគ្គីរវាងខេត្តទាំងពីរដើម្បីរួមគ្នាសហការធ្វើការគាស់កកាយ យកសាកសព ឱ្យបានទាន់ពេលវេលា»។

ទាក់ទងនឹងការស្រាវជ្រាវ រុករក អដ្ឋិធាតុនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្តាល បានប្រាប់កាល ពី ថ្ងៃទី ១៣ ខែវិច្ឆិកា ថា ការសហការនេះ បង្ហាញពី វប្បធម៌ ប្រពៃណី ល្អ រវាង កម្ពុជា និង វៀតណាម ជួយគ្នា ជា គ្រួសារ មួយ មាន កិច្ចសហប្រត្តិបត្តិការល្អ ។

លោកមានប្រសាសន៍ថា ៖ «ការចូលរួមស្រាវជ្រាវ រុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម គឺជាការងារមនុស្សធម៌ដ៏ល្អប្រសើរ និងជាការបង្ហាញឲ្យឃើញពីទឹកចិត្តប្រជាពលរដ្ឋកម្ពុជា ចំពោះការសហការ ស្រា វជ្រាវ និងរុករកកងទ័ព និងជំនាញការដែលបានពលីជីវិតក្នុងបណ្ដាលសម័យសង្រ្គៀមនៅប្រទេសកម្ពុជា»៕
ដោយ: ហោ សុវិទ្យា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner