លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានចាកចេញពីកម្ពុជាហើយ

ភ្នំពេញ៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានចាកចេញពីព្រះរាជាណាចក្រកម្ពុជាហើយនៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ លោក ចូ បៃដិន បានអញ្ជើញមកព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។

គួររម្លឹកឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ឯកឧត្តមប្រធានាធិបតី ចូ បៃដិន បាន អបអរសាទរកម្ពុជា ចំពោះ ភាពជោគជ័យ ដ៏ត្រចះត្រចង់ ក្នុងការធ្វើជាម្ចាស់ផ្ទះ និងជាប្រធាន អាស៊ាននៅឆ្នាំនេះ និងចំពោះការគំាទ្ររបស់កម្ពុជា ក្នុងការពង្រីកកម្រិតទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ទៅជា «ភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ» ក្នុងអំឡុង ពេលនៃការធ្វើជាប្រធានអាស៊ានរបស់ខ្លួន។

ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីការបន្តសកម្មភាពនៃកិច្ចសហប្រតិបត្តិការ រួមមាន កិច្ចសហប្រតិបត្តិលើ ការអនុវត្តច្បាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន វិស័យវប្បធម៌ ការដោះមីន ការថែរក្សាសន្តិភាព និងបរិស្ថានជាដើម។

សម្តេចនាយករដ្ឋមន្ត្រី បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ល្អរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណកម្ពុជាដែលត្រូវបានលួច។ ពាក់ព័ន្ធនឹងការដោះមីន សម្តេចតេជោ បានអំពាវនាវឱ្យមានការរួមចំណែកបន្ថែមទៀតពីសហរដ្ឋអាមេរិក ដើម្បីជួយកម្ពុជាសម្រេចបាន «កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥»។

ពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍ សម្តេចតេជោ បានលើកឡើងពីគោលជំហររបស់កម្ពុជា ក្នុងការទទួលយកពលរដ្ឋខ្មែរដែលត្រូវបានបណ្តេញចេញពីសហរដ្ឋអាមេរិក ដោយ គិតគូរពីកត្តាមនុស្សធម៌ និងមេត្តាធម៌ និងបានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ជាមួយសហរដ្ឋអាមេរិក យោងតាមអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០២ដែលមានស្រាប់ តាមរយៈការសម្ភាសន៍ពលរដ្ឋកម្ពុជាដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ដូចដែលធ្លាប់បានធ្វើនាពេលកន្លងមក។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិផងដែរ ដែលក្នុងនោះ ឯកឧត្ដមប្រធានាធិបតី ចូ បៃដិន បានកោតសរសើរកម្ពុជាចំពោះតួនាទីប្រកបដោយស្ថាបនារបស់ខ្លួន ក្នុងឋានៈជាប្រធានអាស៊ាន ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា និង បានវាយតម្លៃ ខ្ពស់ ចំពោះ ជំហរកម្ពុជា លើ បញ្ហា សង្រ្គាមនៅអ៊ុយក្រែន និង ការបាញ់ មីស៊ីលបាលីស្ទិកថ្មីៗនេះ របស់កូរ៉េខាងជើង។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីជំហរដ៏រឹងមាំរបស់កម្ពុជាប្រឆាំងនឹងការគំរាមកំហែងដោយប្រើអាវុធនុយក្លេអ៊ែរ។ សម្ដេចតេជោ ក៏បានជម្រាបជូន ឯកឧត្ដមប្រធានាធិបតី បៃដិន អំពីកិច្ចសហការរវាងកម្ពុជា និងជប៉ុន តាមរយៈមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងការបញ្ជូនក្រុមអ្នកដោះមីនកម្ពុជាទៅជួយបណ្តុះបណ្តាលក្រុមដោះមីនអ៊ុយក្រែននៅប្រទេសប៉ូឡូញ និងអំពីសំណើរបស់អ៊ុយក្រែនដល់ជប៉ុនក្នុងការផ្ដល់ឧបករណ៍ដោះមីនផងដែរ៕
ដោយ៖ពលជ័យ

ads banner