ក្រសួងការបរទេសកម្ពុជា បង្ហាញពីលទ្ធផលនៃជំនួបរវាងសម្តេចតេជោនាយករដ្ឋមន្រ្តី និងអគ្គលេខាធិការអង្គការសហប្រជាជាតិ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម António Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានជួបពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-អង្គការសហប្រជាជាតិ និងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិផ្សេងៗ នៅក្នុងជំនួបទ្វេភាគី នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ឯកឧត្តមអគ្គលេខាធិការ Guterres បានសាទរសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានទទួលជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះ និងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ រួមទាំងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិផងដែរ។

ថ្នាក់ដឹកនាំទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអង្គការសហប្រជាជាតិ និងបានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយថែមទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងអំពីគំរូនៃកិច្ចសហប្រតិបត្តិការកម្ពុជា-អង្គការសហប្រជាជាតិប្រកបដោយជោគជ័យចំនួន៣ រួមមាន សាលាក្តីខ្មែរក្រហមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UNPKOs) និងជំនួបប្រចាំឆ្នាំរវាង សម្តេចតេជោនាយករដ្ឋមន្រ្តី ជាមួយគ្រប់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដោយសង្កត់ធ្ងន់ ពីការចាប់ផ្តើមឡើងវិញនូវជំនួបនេះ នាពេលឆាប់ៗខាងមុខ បន្ទាប់ពីការអាក់ខានដោយសារការ រាតត្បាតកូវីដ-១៩។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះអង្គការសហប្រជាជាតិ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងការផ្តល់ជំនួយដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងសម្ភារៈវេជ្ជសាស្រ្ត តាមរយៈយន្តការកូវ៉ាក់ (COVAX Facility) ដែលបានរួមវិភាគទានដល់យុទ្ធនាការចាក់វ៉ាក់សាំងប្រកបជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ស្តីពីការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានជម្រាបដោយសង្ខេបជូន ឯកឧត្តមអគ្គលេខាធិការ Guterres អំពីការត្រៀមរៀបចំសម្រាប់ការបោះឆ្នោតសកល នៅខែកក្កដា ឆ្នាំ២០២៣។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសកម្មភាពដោះមីន ដោយគូសបញ្ជាក់ពីសកម្មភាពមនុស្សធម៌របស់កម្ពុជា តាមរយៈការចែករំលែកបទពិសោធន៍ការងារបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) ក្រោមកម្មវិធីរបស់អង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសមួយចំនួនជុំវិញពិភពលោក និងបានជម្រាបជូនឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយរដ្ឋាភិបាលជប៉ុន ក្នុងការបញ្ជូនអ្នកដោះមីនកម្ពុជា ទៅជួយបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន នៅប្រទេសប៉ូឡូញ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឯកឧត្តមអគ្គលេខាធិការ Guterres បង្កើនជំនួយរបស់អង្គការសហប្រជាជាតិលើការដោះមីន ដើម្បីជួយដល់កម្ពុជាសម្រេចបាននូវគោលដៅ “កម្ពុជាគ្មានមីនត្រឹមឆ្នាំ ២០២៥” និងបានស្នើបញ្ចូលការដោះមីនទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ បានវាយតំលៃខ្ពស់ចំពោះការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់សម្តេចតេជោលើការដោះមីន និងបានធានាចំពោះសម្តេចក្នុងការគិតគូរយ៉ាងយកចិត្តទុកដាក់ ចំពោះសំណើ និងសំណូមពរ។

ទន្ទឹមនឹងការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ សម្តេចតេជោនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើជំហររបស់កម្ពុជាប្រឆាំងនឹងការគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងគាំទ្រចំពោះការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ៕

ads banner