សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង
ភ្នំពេញ៖ មេដឹកនាំជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានគូសបញ្ជាក់ថា ពួកលោកបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ហើយសន្យានឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើទីក្រុងព្យុងយ៉ាងធ្វើការសាកល្បងនុយក្លេអ៊ែរ។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយុល បានចេញសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃអាទិត្យទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា ការបាញ់មីស៊ីលផ្លោងក្នុងចំនួនដ៏ច្រើនមិនធ្លាប់មានរបស់កូរ៉េខាងជើងក្នុងឆ្នាំនេះ បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខនៅលើឧបទ្វីបកូរ៉េ និងលើសពីនេះទៅទៀត។
បើតាមសេចក្តីថ្លែងការណ៍ដដែល មេដឹកនាំទាំងបីបានជំរុញឱ្យកូរ៉េខាងជើង អនុវត្តតាមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង នឹងទទួលបាននូវការឆ្លើយតបដ៏រឹងមាំ និងម៉ឺងម៉ាត់ពីសហគមន៍អន្តរជាតិ។ បន្ថែមលើនេះ ជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនឹងសម្របសម្រួលក្នុងការធានាថា ទណ្ឌកម្មពាក់ព័ន្ធទាំងអស់ត្រូវបានអនុវត្តយ៉ាងពេញលេញ។
សេចក្តីថ្លែងការណ៍ខាងលើបន្ថែមថា មេដឹកនាំទាំងបីក៏បានអំពាវនាវឱ្យកូរ៉េខាងជើងត្រលប់ទៅរកការចរចាវិញ ដោយនិយាយថា ផ្លូវទៅកាន់ការសន្ទនានៅតែបើកចំហឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី និងការទូត៕
ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

