ជើងហោះហើរជិត២ពាន់ ត្រូវលុបចោលនៅអង់គ្លេស ដោយសារកូដកម្ម
យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន British Airways បានឲ្យដឹងថា ស្ទើរតែគ្រប់ជើងហោះហើរទាំងអស់របស់ British Airways ត្រូវបានលុបចោលក្រោយពេលដែលអ្នកបើកបរយន្ដហោះនាំគ្នាកូដកម្មមិនព្រមចូលធ្វើការអស់រយៈពេលពីរថ្ងៃ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១០ កញ្ញា ២០១៩នេះ។
ក្រុមហ៊ុនឲ្យដឹងថា អ្នកដំណើររាប់ពាន់នាក់ ត្រូវបានប្រាប់មិនឲ្យទៅអាកាសយានដ្ឋាននោះទេ ដោយក្រុមហ៊ុនបានលុបចោលជើងហោះហើរជាង១,៧០០ជើង ដោយសារការរំខានពីការតវ៉ា។ សហជីពអ្នកបើកបរយន្ដហោះឲ្យដឹងថា ការកាត់ប្រាក់ខែពីថ្នាក់គ្រប់គ្រងនៃ British Airways និងការធ្លាក់ចុះនៃប្រេនរបស់ក្រុមហ៊ុន បានធ្វើឲ្យពួកគេអស់ទំនុកចិត្ត។ ប៉ុន្តែប្រធានក្រុមហ៊ុនលោក Alex Cruz ឆ្លើយតបថាបញ្ហានេះ បណ្ដាលមកពីការវិនិយោគក្នុងប្រតិបត្តិករមានទំហំតូច។
យ៉ាងណាមិញ ភាគីទាំងសងខាង បានបង្ហាញឆន្ទៈក្នុងការចូលតុចរចាឡើងវិញ ប៉ុន្តែសម្រាប់ថ្ងៃជាក់លាក់នៅមិនទាន់ត្រូវគេដឹងនៅឡើយទេ ខណៈដែលក្រុមអ្នកបើកយន្ដហោះគ្រោងនឹងធ្វើបាតុកម្មម្ដងទៀតនៅថ្ងៃទី២៧ ខែកញ្ញា៕ម.ន

