លោក ម៉ៃ ប៉ុមប៉េអូ សង្ឃឹមថា ជំនួបជាមួយកូរ៉េខាងជើងនឹងកើតឡើងក្នុងពេលឆាប់ៗនេះ បើទោះជាតំបន់ឧបទ្វីបកូរ៉េកំពុងកើនឡើងកម្តៅ
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បានថ្លែងថា ប្រទេសរបស់លោកសង្ឃឹមថា កិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរ នឹងកើតមានឡើងក្នុងពេលឆាប់ៗនេះ ហើយថាអាម៉េរិកនៅតែមានគំនិតវិជ្ជមានបែបនេះ បើទោះបីជាកូរ៉េខាងជើង បានធ្វើតេស្តមីស៊ីលប៉ាលីស្ទិកចម្ងាយខ្លីជាច្រើនលើកមកហើយក៏ដោយ។
នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ក្នុងស្រុក ប្រមុខការទូតអាម៉េរិករូបនេះ បាននិយាយថា សហរដ្ឋអាម៉េរិកដឹងថា មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅតែចង់បន្តកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរ ហើយសង្ឃឹមថា លោក ត្រាំ និងលោក គីម នឹងចូលតុចរចាក្នុងពេលឆាប់ៗនេះ ហើយវាគឺលទ្ធផលដ៏ល្អមួយ។
សូមបញ្ជាក់ថា កិច្ចចរចារំសាយអាវុធនុយក្លេអ៊ែររវាងអាម៉េរិក-កូរ៉េខាងជើង បានធ្វើឡើងពីរលើករួចមកហើយ ប៉ុន្តែនៅតែរកច្រកចេញមិនទាន់ឃើញនៅឡើយ។ ដោយឡែក កាលពីខែមិថុនា មេដឹកនាំប្រទេសទំាងពីរបានជួបគ្នាជាថ្មីនៅតំបន់គ្មានយោធាក្នុងឧបទ្វីបកូរ៉េ ហើយសន្យាថា នឹងមានជំនួបចរចាលើកទី៣ ក្នុងពេលឆាប់ៗខាងមុខ ប៉ុន្តែមកទល់ពេលបច្ចុប្បន្ន មិនទាន់មានជំនួបណាមួយរវាងមេដឹកនាំទាំងពីរកើតឡើងទេ៕ធ.ដ



