មនុស្សជិត២០០នាក់ ត្រូវអាជ្ញាធរហុងកុងចាប់ខ្លួន នាអំឡុងបាតុកម្មតវ៉ាកាលពីចុងសប្ដាហ៍ កន្លងទៅ
ហុងកុង៖ មនុស្សសរុប១៥៧នាក់ ត្រូវបានអាជ្ញាធរក្រុងហុងកុងចាប់ឃាត់ខ្លួន ដោយចោទប្រកាន់ពីបទបង្កភាពចលាចលនា អំឡុងបាតុកម្មតវ៉ាកាលពីចុងសប្ដាហ៍កន្លងទៅ។ នេះបើតាមប៉ូលិសទីក្រុងហុងកុងនៅថ្ងៃចន្ទដើមសប្តាហ៍នេះ។
បើតាមប្រភពដដែលនេះ មនុស្សទាំង១៥៧នាក់ខាងលើ ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្មតវ៉ានៅចន្លោះពីម៉ោង៥ល្ងាចកាលពីថ្ងៃសុក្រ និងម៉ោង៨ព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) ហើយក្នុងចំណោមអ្នកទាំងនោះ មាបុរស១២៥នាក់ និងស្ត្រី៣២នាក់ ដែលមានអាយុចាប់ពី១៣ឆ្នាំ រហូតដល់៦៣ឆ្នាំ។
បាតុកម្មតវ៉ាកាលពីចុងសប្ដាហ៍កន្លង នៅតែបន្តមានអំពើហិង្សាផ្ទុះឡើង ខណៈក្រុមបាតុករប្រកាន់ជំហរធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលទីក្រុងហុងកុងដដែល បើទោះជាសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក ត្រូវបានលុបចោលក៏ដោយ។ ក្រុមបាតុករបានបន្ថែមការទាមទារឱ្យដោះលែងក្រុមបាតុករ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន ជាពិសេសគឺអំពាវនាវឱ្យអភិបាលក្រុងហុងកុងលោកស្រី ខារី ឡំា ចុះចេញពីតំណែង៕ធ.ដ


