សហព័ន្ធទ្រីយ៉ាត្លុងយកកីឡាជាតិលើកទី៣ ពង្រឹងគុណភាពរៀបចំនិងគុណភាពជម្រើសជាតិ ឆ្ពោះទៅ ស៊ីហ្គេម ២០២៣
លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានថ្លែងថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ពីថ្ងៃទី២១-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ រៀបចំ នៅខេត្តកែប សហព័ន្ធបានយកព្រឹត្តិការណ៍នេះ ជាការពង្រឹងគុណភាពមន្រ្តីបច្ចេកទេស និងគណៈកម្មកា ពិសេស គឺគុណភាពគុណភាព គុណភាពបច្ចេកទេសរបស់អត្តពលិកជម្រើសជាតិ ត្រៀមឆ្ពោះទៅ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
អគ្គលេខាធិការ បាន សង្កត់ធ្ងន់ថា ការត្រៀមកីឡាជាតិ លើកទី៣នេះ គឺផ្តោតសំខាន់លើការរៀបចំរបស់មន្ត្រីបច្ចេកទេស និងផ្តល់ឲ្យកីឡាករ កីឡាការិនីទូទាំងប្រទេស ជាពិសេសគឺក្រុមជម្រើសជាតិបានបង្កើនគុណភាពឲ្យកាន់តែមោះមុត ដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ សម្រាប់កីឡាករ កីឡាការិនីជម្រើសជាតិទ្រីយ៉ាត្លុងកម្ពុជាទាំងអស់ គឺនឹងចូលរួមប្រកួត តាមរយៈខេត្ត ឬក្រសួង ដែលជាស្ថាប័នដើមរៀងៗខ្លួន។ ការរៀបចំកីឡាជាតិ លើកទី៣នេះ ទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិ CAMSOC និងសាលាខេត្តកែប ដែលជាម្ចាស់ផ្ទះកីឡាជាតិលើកទី៣ និងជាម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣។
អគ្គលេខាធិការខាងលើ បានគូសបញ្ជាក់ទៀតថា កីឡាករ កីឡាការិនីសរុប ៥៣នាក់ មកពី៧ខេត្ត និង២ក្រសួ ង។ ចំពោះមន្ត្រីរៀបចំប្រកួត ដែលប្រើប្រាស់ដល់កីឡាជាតិលើកទី៣នេះមានចំនួន៤៥នាក់ លើផ្នែកប្រកួតលើទឹក ផ្នែកកង់ និងរត់ប្រណាំង សម្រាប់វិញ្ញាសាប្រកួត សហព័ន្ធបានរៀបចំចំនួន៦វិញ្ញាសា ដូចជា ទ្រីយ៉ាត្លុងបុរស-នារី ឌូអាត្លុងបុរស-នារី និងអាគ័តត្លុង បុរស-នារី ដែលសុទ្ធសឹងជាវិញ្ញាសាស្តង់ដា ស៊ីហ្គេម ផងដែរ។ ១. ទ្រីយ៉ាត្លុង បុរស (Triathlon) = ហែលទឹក ៧៥០ម៉ែត្រ + ជិះកង់ ២០គីឡូម៉ែត្រ + រត់ប្រណាំង ៥គីឡូម៉ែត្រ។ ២. ទ្រីយ៉ាត្លុង នារី (Triathlon) = ហែលទឹក ៧៥០ ម៉ែត្រ + ជិះកង់ ២០គីឡូម៉ែត្រ + រត់ប្រណាំង ៥គីឡូម៉ែត្រ។ ៣. ឌូអាតុង បុរស (Duathlon) = រត់ប្រណាំង ៥គីឡូម៉េត្រ + ជិះកង់ ២០គីឡូម៉ែត្រ + រត់ប្រណាំង ២,៥គីឡូម៉ែត្រ។ ៤. ឌូអាត្លុង នារី (Duathlon) = រត់ប្រណាំង ៥គីឡូម៉ែត្រ + ជិះកង់ ២០គីឡូម៉ែត្រ + រត់ប្រណាំង ២,៥ គីឡូម៉ែត្រ។ ៥. អាគ័តត្លុងង បុរស (Aquathlon) = ហែលទឹក ៥០០ ម៉ែត្រ + រត់ប្រណាំង ២.៥គីឡូម៉ែត្រ។ ៦. អាគ័តត្លុង នារី (Aquathlon) =ហែលទឹក ៥០០ ម៉ែត្រ + រត់ប្រណាំង២,៥ គីឡូម៉ែត្រ។
គួរបញ្ជាក់ថា ចំពោះវិញ្ញាសា អាគ័តត្លុង បុរស-នារី គឺជាវិញ្ញាសាថ្មីបំផុត ដែលត្រូវបានម្ចាស់ផ្ទះ កម្ពុជា បានដាក់បញ្ជូលក្នុងគោលដៅស៊ីហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ខ្លួន ហើយវិញ្ញាសានេះក៏ជាគោលដៅនៃផែនការមេដាយមាស ដើម្បីឆ្លើយតបទៅនឹងសន្ទស្សន៍បញ្ជីមេដាយមាសរបស់គណៈកម្មាធិការជាតិ CAMSOC ផងដែរ៕អត្ថបទ៖ ជាវ ចន្ធូ



