អង្ករផ្ការំដួលរបស់កម្ពុជាឈ្នះលេខ១ ក្នុងការប្រកួតលំដាប់ពិភពលោក (Video Inside)
«អង្ករផ្ការំដួល» របស់ប្រទេសកម្ពុជាបានឈ្នះដាច់គេនៅក្នុងការប្រកួតប្រជែងលក្ខណៈពិភពលោកមួយដែលបានធ្វើក្នុងខេត្តភូកេត នៃប្រទេសថៃ។ ការប្រកួតក្នុងចំណោមបណ្តាប្រទេស ដែលនាំចេញអង្ករល្អលើសកលលោកនៅក្នុង «វេទិកាសន្និសីទអង្ករ ពិភពលោក» រវាងពីថ្ងៃ ទី១៥ ដល់១៧ វិច្ឆិកា ឆ្នាំ២០២២នោះ «អង្ករផ្ការំដួល» កម្ពុជា ត្រូវបានប្រកាសជាអង្ករដែលល្អ ដាច់គេ។
ប្រធានសហព័ន្ធអង្ករកម្ពុជាលោក សុង សារ៉ន បានថ្លែងថា នេះជាឆ្នាំទី៥ហើយ ដែលអង្កររបស់កម្ពុជាគឺជាជ័យលាភីក្នុងការប្រកួត ក្នុងនោះគឺនៅឆ្នាំ២០១២, ឆ្នាំ២០១៣, ឆ្នាំ២០១៤ ឆ្នាំ២០១៨ និងចុងក្រោយនៅឆ្នាំ២០២២នេះ។
នៅថ្ងៃទី១៧វិច្ឆិកានេះផងដែរ អនាគតបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សប្រជាជនកម្ពុជា បណ្ឌិត ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទលោក ឌិត ទីណា បានចូលរួមថ្លែងអបអរសាទរ ចំពោះអង្ករកម្ពុជាពូជ “ផ្ការំដួល” ដែលទទួលបានជ័យលាភី លេខ១ ក្នុងលំដាប់ថ្នាក់ពិភពលោក នៃការប្រកួតប្រជែងនៃវេទិកាស្រូវ-អង្ករពិភពលោក នៅខេត្តភូកេត ប្រទេសថៃ។
បណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរក្នុងបណ្តាញសង្គមថា «ជាកិត្តិយសរបស់កម្ពុជាដែលអង្កររបស់កម្ពុជាបានឈ្នះជ័យលាភីជាអង្ករល្អដាច់គេរបស់ពិភពលោកប្រចាំឆ្នាំ២០២២ ក្នុងវេទិកាអង្ករពិភពលោកប្រារព្ធធ្វើនៅក្នុងខេត្តភូកេត នៃប្រទេសថៃ នៅថ្ងៃទី១៧វិច្ឆិកា។
ចំណែករដ្ឋមន្ត្រីក្រសួងកសិកម្មវិញ បានថ្លែងអបអរសាទរថា នេះគឺជា លើកទី៥ហើយ ដែលអង្ករកម្ពុជា បានទទួលជ័យលាភីនេះ និងបាននាំមកនូវមោទនភាព សម្រាប់កម្ពុជា។