អាជ្ញាធរពង្រាយកម្លាំងចម្រុះជាង២ពាន់នាក់ការពារកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការពារជាតិ អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ (Video Inside)
អាជ្ញាធរបានពង្រាយកម្លាំងចម្រុះជាង២ពាន់នាក់នៅក្នុងខេត្តសៀមរាប ដើម្បីការកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅសប្តាហ៍ក្រោយ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្ដសៀមរាប លោកឧត្ដមសេនីយ៍ សឿន សេន បានថ្លែងនៅព្រហស្បតិ៍នេះថា កម្លាំងជាង២ពាន់នាក់នេះ គឺមានចម្រុះទាំងកងកម្លាំងនគរបាល, កម្លាំងកងរាជអាវុធហត្ថ, កងទ័ពអាកាស, កងកម្លាំងរបស់យោធភូមិភាគ៤ ដែលបានដាក់ពង្រាយ នៅតាម៣២គោលដៅ រួមមានច្រកទ្វារព្រលានយន្ដហោះអន្ដរជាតិសៀមរាប និងនៅតាមដង ផ្លូវសំខាន់ៗ និងបណ្ដាគោលដៅសំខាន់ជាច្រើនកន្លែងទៀត។
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នាសប្តាហ៍ក្រោយ ដែលនឹងមានការអញ្ជើញចូលរួមពីរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក,ចិន ឥណ្ឌា និងប្រទេសមួយចំនួនផងទៀតរវាងពីថ្ងៃទី២១ដល់២៣វិច្ឆិកា ។
សម្តេចតេជោ ហ៊ុន សែន នឹងគ្រោងអញ្ជើញជាអធិបតី ដើម្បីថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកជាផ្លូវការនៃកិច្ច ប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាននាសប្តាហ៍ក្រោយនោះថែមទៀត។ កិច្ចប្រជុំនាសប្តាហ៍ក្រោយ នឹងរួមមានកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ាន, កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ អាស៊ាន-បូកលើកទី៩ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀតផងដែរ។