ប្រធានរដ្ឋសភាវៀតណាមនឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជាពីថ្ងៃទី១៩-២៣ ខែវិច្ឆិកា

ភ្នំពេញ៖ តបតាមការ អញ្ជើញរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វឿង ឌីញ ហ្វេ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

អគ្គលេខាធិការដ្ឋានរដ្ឋសភាបានបន្តថា នៅក្នុងកំឡុងពេលទស្សនកិច្ចនេះ ឯកឧត្ដម វឿង ឌីញ ហ្វេ នឹងចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម វឿង ឌីញ ហ្វេ ក៏នឹងចូលជួបសម្ដែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផងដែរ។

ប្រភពដដែលបានបញ្ជាក់ថា ឯកឧត្តម វឿង ឌីញ ហ្វេ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងជួបសវនាការ និងពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជា- ណាចក្រកម្ពុជា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេស ទាំងពីរ និងដើម្បីប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានកំណត់ជា “ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម”។ នៅក្រោយជំនួប ភាគីទាំងពីរ នឹងអញ្ជើញចុះ ហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងរដ្ឋសភាទាំងពីរ កម្ពុជា-វៀតណាម និងរវាងអគ្គលេខាធិការដ្ឋាន រដ្ឋសភាកម្ពុជា និងខុទ្ទកាល័យរដ្ឋសភាវៀតណាម។

នៅក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម នឹងអញ្ជើញដាក់កម្រង ផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ មណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងវិមានមិត្តភាពកម្ពុជា-វៀតណាម៕
ដោយ៖ពលជ័យ

ads banner