ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ វិស័យកាត់ដេរបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា វិស័យកាត់ដេរបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីគ្រាដំបូងដែលប្រទេសកម្ពុជាសម្រេចបាននូវសន្តិភាព ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គិតត្រឹមខែតុលា ឆ្នាំ ២០២២ ចំនួនរោងចក្រកាត់ដេរដែលចុះបញ្ជីមានចំនួន ១.៣១៣ រោងចក្រ ដែលបានផ្តល់ការងារដល់កម្មករ-និយោជិតចំនួន ៩០១.៦២៩ នាក់។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ដោយសារសមិទ្ធផលពីវិស័យកាត់ដេរទាំងអស់នេះហើយ ទើបយើងអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រាជាមធ្យមប្រមាណ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ និងបានកាត់បន្ថយភាពក្រីក្រក្នុងអត្រាមួយគួរជាទីមោទនៈ។ ការបញ្ជាក់នេះ ក្នុងពិធីប្តូរឈ្មោះរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងការប្រមូលថវិកាជួយដល់គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២២។

ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះ សមាគមរោងចក្រត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ដោយបានប្តូរថ្មីទៅជា សមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ហៅកាត់ថា TAFTAC ដែលការផ្លាស់ប្តូរឈ្មោះនេះ ដើម្បីជួយពង្រីកវិសាលភាពរបស់សមាគម និងបង្ហាញពីគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មវិស័យកាត់ដេរ និងវិស័យឧស្សាហកម្មជាទូទៅ សំដៅទាក់ទាញបន្ថែមនូវសកម្មភាពផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដែលជាមូលដ្ឋានថ្មីនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទៅថ្ងៃអនាគត។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សូមកោតសរសើរចំពោះ GMAC ឬ TAFTAC ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងបានចូលរួមក្នុងកិច្ចការសង្គមនានាប្រកបដោយបេះដូង និង ស្មារតីសប្បុរសធម៌ខ្ពស់។ ជាក់ស្តែង ក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ-១៩ GMAC ឬ TAFTAC បានចូលរួមបរិច្ចាកជាថវិកា និងសម្ភារបរិក្ខារជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងបានជួយដោះស្រាយដល់ការលំបាករបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេស បានកៀរគរសមាជិករបស់ខ្លួន ដើម្បីជួយដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងការជួលអគារសម្រាប់ធ្វើជាមណ្ឌលសម្រាប់ព្យាបាល និងសង្គ្រោះជីវិតអ្នកជំងឺកូវីដ-១៩ ។ ខណៈនេះ GMAC ឬ TAFTAC បានរួមសហការគ្នាប្រមូលថវិកាសម្រាប់ជួយដល់ “គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន” នៅក្នុងពិធីប្តូរឈ្មោះរបស់សមាគម។ ការណ៍នេះ បង្ហាញយ៉ាងច្បាស់អំពីស្មារតីយកចិត្តទុកដាក់ខ្ពស់មួយទៀតរបស់ GMAC ឬ TAFTAC ក្នុងការចូលរួមដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា ដែលនៅជាហានិភ័យនៅឡើយ ចំពោះសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជាប្រមាណជាង១លាននាក់ ដែលរស់នៅតាមតំបន់ដែលសង្ស័យថាមានមីននៅឡើយ៕
ដោយ៖ពលជ័យ

ads banner