ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ កម្ពុជាបានប្រែក្លាយ «ដីមីន» ទៅជា «ដីមាស»
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការបោសសម្អាតមីនមនុស្សធម៌ទ្រង់ទ្រាយធំនៅកម្ពុជា បានចាប់ផ្តើមតាំងពីឆ្នាំ១៩៩២ មកម្ល៉េះ។ ក្នុងរយៈពេលជាង៣០ឆ្នាំនេះ កម្ពុជាបានរកឃើញ និងបំផ្លាញគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់លានគ្រាប់។ ជាមួយនឹងការអភិវឌ្ឍដ៏លឿននេះ យើងបានប្រែក្លាយ «ដីមីន» ទៅជា «ដីមាស» ។ ជាក់ស្តែង តំបន់អតីតសមរភូមិជាច្រើន បានប្រែក្លាយទៅជាដីកសិកម្មដ៏មានជីជាតិ ទៅជាដីភូមិឋានដ៏មានសុភមង្គល ជាដីតំបន់អភិវឌ្ឍរោងចក្រ និងជាដីតំបន់ឧស្សាហកម្មដ៏មានសក្តានុពលដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ការបញ្ជាក់របស់ឯកឧត្តម បានធ្វើឡើងក្នុងពិធីប្តូរឈ្មោះរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងការប្រមូលថវិកាជួយដល់គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនេះ ក៏បានអនុញ្ញាតឱ្យបុត្រាបុត្រី ក្មួយៗរាប់ម៉ឺននាក់ អាចចូលសាលារៀន ដោយក្តីសប្បាយរីករាយ មិនមានក្តីកង្វល់ពីសុវត្ថិភាព មិនខ្វល់ខ្វាយពីអាយុជីវិត ឬការឈឺចាប់ពីគ្រាប់មីន។ ទោះជាមានកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍យ៉ាងណាក៏ដោយ ក៏កម្ពុជានៃយើងនៅសល់ផ្ទៃដីប្រមាណ ២.០០០ គីឡូម៉ែត្រក្រឡា ដែលមិនទាន់បានបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងស្រុង។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើង ជាមួយនឹងបេសកកម្មបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់ កម្ពុជាបានប្តេជ្ញាចិត្តថានឹងសម្រេចឱ្យបាននូវចក្ខុវិស័យ «កម្ពុជា មួយគ្មានមីន ឆ្នាំ២០២៥» តាមរយៈ «គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន» ជាមួយមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ជាប្រធាន និងដឹកនាំគ្រប់គ្រង ក្រោមកិច្ចសម្របសម្រួលដោយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (CMAA) និងមានការគាំទ្រពីកងយោធពលខេមរភូមិន្ទ ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានាផ្សេងទៀត៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត



