PATA គ្រោងរៀបចំព្រឹត្តិការណ៍ «យាត្រាដើម្បីបេតិកភណ្ឌ » នៅដើមខែធ្នូខាងមុខ
ភ្នំពេញ៖សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) ដោយទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល គ្រោងនឹងរៀបចំព្រឹត្តិការណ៍ «យាត្រាដើម្បីបេតិកភណ្ឌ » នៅថ្ងៃទី៣ និងទី៤ ខែធ្នូ ឆ្នាំ ២០២២ នៅប្រាសាទព្រះវិហារ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ បរិស្ថាន និងសេដ្ឋកិច្ច។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ថ្លែងថា ព្រឹត្តិការណ៍ខាងលើនេះ គឺជាលើកទី១ ដែលរៀបចំធ្វើនៅប្រាសាទព្រះវិហារ ក្នុងគោលបំណងដើម្បីលើកស្ទួយវិស័យទេសចរណ៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារឡើងវិញនូវវិស័យទេសចរណ៍ និង សេដ្ឋកិច្ចជាតិ។
លោកបន្តថា ព្រឹត្តិការណ៍នេះ ក៏ក្នុងគោលបំណងរឹតចំណងមិត្តភាពជាមួយនឹងប្រទេសជិតខាង ដែលមានប្រទេសថៃជាដើម ជាពិសេសជំរុញឱ្យមានសាមគ្គីភាព និងកិច្ចសហការនៅក្នុងតំបន់អាស៊ានទាំំងមូលផង។
បើតាម លោក ធួន ស៊ីណាន ព្រឹត្តិការណ៍នេះ រៀបចំឡើងក្រោមការជួយជ្រោមជ្រែង និងគាំទ្រយ៉ាងពេញទំហឹងពីអាជ្ញាធរជាតិព្រះវិហារ ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងទេសចរណ៍ ជាពិសេសគឺបានទទួលការគាំទ្រពីរាជរដ្ឋាភិបាលផងដែរ។
លោកបានអំពាវនាវ ឱ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ឱ្យបានច្រើនកុះករ ព្រោះព្រឹត្តិការណ៍នេះ រៀបចំឡើងក៏ក្នុងគោលបំណងអបអរទិវាជនពិការពិភពលោកដែរ។
លោក ហេង សំរិទ្ធ ប្រធាននាយកដ្ឋានគ្រប់គ្រងអភិវឌ្ឍន៍ទេសចរណ៍ ថ្លែងថាអ្នកដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ ទាំងអស់នឹងជួបជុំនៅទីចំណតរថយន្តនៅខាងក្រោម ហើយចាប់ផ្តើមធ្វើដំណើរចេញពីតាំងនោះ ឡើងមកលើនៃព្រះសាទព្រះវិហារ។
បើតាម លោក ធួន ស៊ីណាន រំពឹងថា នឹងមានអ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះច្រើន ព្រោះមានការចូលរួមពីប្រជាពលរដ្ឋថៃ និងពលរដ្ឋមកពីប្រទេសផ្សេងទៀតជាច្រើន៕
ដោយ៖ យុទ្ធ វីរៈ