លោក ស៊ី ជីនពីង និយាយថា តំបន់អាស៊ីមិនត្រូវ ក្លាយជាសង្វៀនប្រកួតប្រជែងរបស់មហាអំណាចនោះទេ
ថៃ៖នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ប្រធា នាធិបតី ចិន លោក ស៊ី ជីនពីង បាននិយាយថា តំបន់អាស៊ីប៉ាស៊ីហ្វិកមិនមែនជាទីធ្លារបស់នរណាម្នាក់ឡើយ ហើយមិនគួរក្លាយជាសង្វៀននៃការ ប្រកួតប្រជែងរបស់មហាអំណាចនោះទេ។ នេះគឺជាការព្រមានប្រឆាំងនឹងភាពតានតឹងនៃសង្គ្រាមត្រជាក់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជា តំបន់ប្រកួតប្រជែងរវាងទីក្រុងប៉េកាំង និងទីក្រុង វ៉ាស៊ីនតោន។
ការថ្លែងរបស់លោក ស៊ី ជីនពីង នៅមុនកិច្ចប្រជុំ កំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ឬហៅកាត់ថាអេប៉ិច(APEC)នៅ ទីក្រុងបាងកកប្រទេសថៃ គឺជាសារឆ្លើយតប សំដៅទៅកាន់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកជាមួយសម្ព័ន្ធមិត្តនិងដៃគូក្នុងតំបន់ ក្នុងការ បង្អាក់នូវការកើនឡើងឥទ្ធិពលសេដ្ឋកិច្ច និង យោធារបស់ប្រទេសចិន។
លោកបន្ថែមថា៖ «គ្មានទេការប៉ុនប៉ងធ្វើសង្គ្រាម ត្រជាក់ ព្រោះវាមិនត្រូវបានអនុញ្ញាតដោយ ប្រជាជន ឬពេលវេលានៅពេលនេះឡើយ»។ លោកបន្តថា៖ «យើងគួរតែដើរតាមមាគ៌ានៃ ការបើកចំហ និងការរួមបញ្ចូលគ្នា។ តំបន់ នេះមិនគួរកែប្រែទៅជាសង្វៀនសម្រាប់ការប្រកួតប្រជែងរបស់មហាអំណាចនោះទេ»។
នៅក្នុងការថ្លែងសន្ទរកថារបស់លោកបានរំលេចថា៖ «លទ្ធិឯកតោភាគីនិងលទ្ធិគាំពារនិយម គួរតែ ត្រូវបានបដិសេធដោយអ្នករាល់គ្នា ហើយរាល់ ការ ប៉ុនប៉ងយកសេដ្ឋកិច្ច និងពាណិជ្ជកម្មធ្វើជាអាវុធ នយោបាយ គួរតែត្រូវបានបដិសេធពីអ្នករាល់ គ្នាផងដែរ»។
គួររម្លឹកផងដែរថា ទំនាក់ទំនងរវាងមហាអំណាច សេដ្ឋកិច្ចទាំងពីរ មានភាពតានតឹងយ៉ាងខ្លាំងនៅ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះមានដូចជាបញ្ហា ពន្ធគយ កោះតៃវ៉ាន់ កម្មសិទ្ធិបញ្ញា ការដក ស្វ័យភាព ពីទីក្រុងហុងកុង និងជម្លោះនៅសមុទ្រ ចិនខាងត្បូង និងបញ្ហាផ្សេងៗជាច្រើនទៀត។
ជាឥរិយាបថមួយដែលទីក្រុងប៉េកាំងមើលឃើញថាជាអំពើដ៏គឃ្លើននោះគឺថា មន្ត្រីរដ្ឋបាលជាន់ខ្ពស់ អាមេរិកមួយរូប បាននិយាយថា នៅថ្ងៃអង្គារ សប្ដាហ៍ក្រោយ អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស នឹងធ្វើទស្សនកិច្ចទៅ កាន់កោះ ប៉ាឡាវ៉ាន (Palawan) របស់ហ្វីលីពីន ដែលជាកោះនៅកៀកជាប់នឹងប្រជុំកោះ Spratly ក្នុងសមុទ្រចិនខាងត្បូងដែលជាតំបន់កំពុងមានជម្លោះ។
លោកស្រី ហារីស នឹងក្លាយជាមន្ត្រីជាន់ខ្ពស់បំផុត របស់ អាមេរិកក្នុងដំណើរទស្សនកិច្ចទៅកាន់កោះ ប៉ាឡាវ៉ាន។ ទស្សនកិច្ចរបស់លោកស្រីអាចបង្កើនភាពតានតឹងជាមួយទីក្រុងប៉េកាំងកាន់តែខ្លាំង ដោយសារកោះ មួយនេះ មានទីតាំងស្ថិតនៅជិតប្រជុំកោះ ដែល កំពុងមានជម្លោះជាមួយចិន។
គួរដឹងដែរថា ចិនបានបូមខ្សាច់បាតសមុទ្រ ដើម្បីសាងសង់ដីកោះ និងទាមទារតំបន់ សម្បូរ ប្រេង និងឧស្ម័ន ដាក់ក្រោមដែនអធិបតេយ្យភាព របស់ខ្លួន។ ប៉ុន្តែផ្នែកខ្លះនៃប្រជុំកោះ Spratly នេះ ក៏ត្រូវបានទាមទារដោយប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាមផងដែរ។
ទូរទស្សន៍រដ្ឋចិន CCTV បានចាក់ផ្សាយថា លោក ស៊ី ជីនពីង បានប្រាប់សមភាគីហ្វីលីពីន លោក ប្រធានា ធិបតី ហ្វឺឌីណាន់ ម៉ាកូស នៅក្នុងកិច្ចប្រជុំ នៅទីក្រុងបាងកកថា ភាពរឹងមាំនៃទំនាក់ទំនងទ្វេ ភាគីរវាងហ្វីលីពីននិងចិន គឺអាស្រ័យលើស្ថិរភាព នៅដែនសមុទ្រចិនខាងត្បូង។
គួរបញ្ជាក់ផងដែរថា លោកស្រី ហារីស នឹង ធ្វើទស្សនកិច្ចនៅកោះ ប៉ាឡាវ៉ាន បន្ទាប់ពីបាន ចូលរួមកិច្ចប្រជុំ APEC និងកិច្ចប្រជុំកំពូលក្នុង តំបន់ជាបន្តបន្ទាប់ ដែលភាគច្រើននៃកិច្ចប្រជុំ ទាំងនោះ បានផ្ដោតលើភាពតានតឹងភូមិសាស្ត្រ នយោបាយ ជាពិសេសជុំវិញសង្រ្គាមនៅ អ៊ុយក្រែន។
នៅឯកិច្ចប្រជុំ G20 លើកោះបាលីប្រទេស ឥណ្ឌូណេស៊ីឯណោះវិញ បណ្ដា ប្រទេសនានាបាន អនុម័តជាឯកច្ឆន្ទនូវសេចក្តីប្រកាសមួយ ដើម្បី ធ្វើការថ្កោលទោសជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែប្រទេសមួយចំនួនបានមើលឃើញ ជម្លោះ នៅអ៊ុយក្រែនខុសគ្នាពីបណ្ដាប្រទេសទាំងអស់នោះ។ យ៉ាងណាក៏ដោយ ប្រទេសឥណ្ឌូណេស៊ី ដែល ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ បាននិយាយថា សង្រ្គាមនៅអ៊ុយក្រែនគឺជាបញ្ហាដ៏ចម្រូងចម្រាសបំផុតមួយ។
គួរដឹងផងដែរថា រុស្ស៊ីជាសមាជិកនៃ G20 ហើយ ក៏ជាសមាជិកនៃ APEC ផងដែរ ប៉ុន្តែប្រធានាធិបតី រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន មិនបានធ្វើដំណើរមក ចូល រួមកិច្ចប្រជុំកំពូលទាំងអស់នេះនោះទេ ដោយបានឱ្យឧបនាយករដ្ឋមន្ត្រីទីមួយ លោក Andrey Belousov មកតំណាងគាត់នៅឯកិច្ច ប្រជុំកំពូល APEC។
ប្រទេសថៃដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ APEC កាល ពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា មេដឹកនាំទាំង អស់ដែលមកប្រមូលផ្តុំគ្នាសម្រាប់វេទិកា APEC គួរតែងើបឡើងឱ្យផុតពីបញ្ហាចម្រូងចម្រាសទាំងអស់។ រដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai បាននិយាយថា កិច្ចប្រជុំដែល មានសមាជិកទាំង ២១ ប្រទេសនេះ ចាប់ផ្តើម នៅថ្ងៃសុក្រ ហើយវាគឺជាចំណុចប្រសព្វដ៏ សំខាន់មួយ ខណៈពេលដែលពិភពលោកកំពុង ប្រឈមមុខនឹងបញ្ហា និងហានិភ័យជាច្រើន។
រដ្ឋមន្ត្រីការបរទេសថៃរូបនេះ បានលើកឡើង នៅក្នុង សេចក្តីថ្លែងការណ៍មួយ បន្ទាប់ពី កិច្ច ប្រជុំរដ្ឋមន្ត្រីការបរទេសថា៖ «លុបចោលផ្នត់គំនិត ដែលថារាល់បញ្ហាគឺសុទ្ធតែអាចជ្រៀតចូលក្នុងការសន្ទនា និងសកម្មភាព ហើយការសម្របសម្រួល ណាមួយកើតឡើងនោះ ហាក់ដូចជាមិនអាចទៅ រួចនោះទេ។ នោះហើយគឺជាមូលហេតុដែល APEC នៅឆ្នាំនេះត្រូវតែងើបឡើងពីបញ្ហា ប្រឈម ទាំងនេះ ហើយផ្តល់ក្តីសង្ឃឹមដល់ពិភពលោក ទាំងមូល»។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ក៏ស្ថិតក្នុងចំណោមអ្នកដែល ចូលរួមកិច្ចប្រជុំសំខាន់នេះផងដែរ ខណៈ ដែលប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុងគឺជាភ្ញៀវពិសេសនៅក្នុងកិច្ចប្រជុំ។
គួរកត់សម្គាល់ថា លោក ស៊ី ជីនពីង បានរៀបចំ កិច្ចប្រជុំកំពូលដ៏កម្រមួយជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា នៅទីក្រុងបាងកក ដែលជាកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកដំបូងរវាងប្រទេសទាំងពីរក្នុងរយៈពេលជិតបីឆ្នាំមកនេះ។ ក្នុងកិច្ចប្រជុំនោះ លោក គីស៊ីដា បានលើកឡើង ពីការព្រួយបារម្ភអំពីស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។
លោកនាយករដ្ឋមន្ត្រីជប៉ុនរូបនេះបានបញ្ជាក់ជាថ្មីម្ដងទៀតជាមួយលោក ស៊ី ជីនពីង ថា ពួកគេនឹង បើកការសន្ទនាឡើងវិញយ៉ាងជិតស្និទ្ធរវាងមន្ត្រីការទូត។ លើសពីនេះ មេដឹកនាំទាំងពីរក៏បានយល់ ស្របគ្នាថា រុស្ស៊ីមិនត្រូវប្រើប្រាស់អាវុធនុយ ក្លេអ៊ែរ នៅអ៊ុយក្រែនឡើយ ប៉ុន្តែលោកបានបដិសេធមិន បរិយាយបន្ថែមអំពីអ្វីដែលលោក ស៊ី ជីនពីង បាននិយាយអំពីបញ្ហានេះទេ។
យ៉ាងណាក៏ដោយ ទូរទស្សន៍រដ្ឋចិន CCTV បាន រាយការណ៍ថា លោក ស៊ី ជីនពីង បានប្រាប់លោក គីស៊ីដា អំពីបញ្ហានៅកោះតៃវ៉ាន់ ថាវាជារឿងដែល ពាក់ព័ន្ធនឹងមូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយជម្លោះដែនដីមួយនេះ គួរតែត្រូវបានដោះស្រាយឱ្យបានត្រឹមត្រូវ។
គួរដឹងដែរថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីភាពតានតឹងបានស្ងប់ស្ងាត់នៅកោះបាលី ដែលជាកន្លែងលោក ស៊ី ជីនពីង បានរិះគន់ នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ជុំវិញការបែកធ្លាយកិច្ចប្រជុំបិទទ្វារមួយរវាងពួកគេទាំងពីរ។ លោក ស៊ី ជីនពីង ក៏បានបង្ហាញឱ្យ សាធារណជនបានឃើញផងដែរ នូវអាកប្បកិរិយា មិនពេញចិត្តលោក Justin Trudeau យ៉ាងខ្លាំង ។
កាលពីថ្ងៃព្រហស្បតិ៍ខណៈដែលបណ្ដាមេដឹកនាំ បានរៀបចំខ្លួនសម្រាប់ចូលរួមកិច្ចប្រជុំ APEC របបយោធាមីយ៉ាន់ម៉ាបានប្រកាសលើកលែងទោសដល់អ្នកទោសចំនួន ៥ ៧៧៤ នាក់ ដែល ក្នុងនោះមានផលិតករភាពយន្តជប៉ុនម្នាក់ អតីត ឯកអគ្គរាជទូតអង់គ្លេសម្នាក់ និងសេដ្ឋវិទូអូស្ត្រាលី និងជាអតីតទីប្រឹក្សារបស់មេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី ម្នាក់ផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍ថា ៧០០នាក់ក្នុងចំណោមអ្នកដែលត្រូវបានគេដោះលែង គឺជាអ្នកទោសនយោបាយ។
សកម្មជននិងក្រុមប្រឆាំងរបស់យោធាបានស្វាគមន៍ចំពោះការលើកលែងទោសនេះ ប៉ុន្តែបានព្រមាន ពិភពលោកកុំឱ្យចាញ់ល្បិចកលរបបយោធាមួយនេះ ដោយបានលើកឡើងថា របបយោធា មីយ៉ាន់ម៉ាកំពុងប្រើប្រាស់មនុស្សជាឧបករណ៍សម្រាប់ការចរចាតែប៉ុណ្ណោះ។ ដោយឡែក នៅក្នុង សន្និសីទសារព័ត៌មាននៅទីក្រុងបាងកក រដ្ឋមន្ត្រី ការបរទេសអាមេរិក លោក អង់តូនី ប្ល៊ីងកិន បាន ស្វាគមន៍ការដោះលែងនេះថា «ជាចំណុចភ្លឺមួយ នៅក្នុងរយៈពេលនៃភាពងងឹតដ៏យូរអង្វែង»៕
ដោយ៖ ធា សុខណា