លោក ប៉ែន វុទ្ធី៖ ជំរុញអោយសិក្ខាកាម ប្រកាន់ភ្ជាប់នូវវិន័យ សេចក្តីថ្ងៃថ្នូរ បង្ហាញពីសាមគ្គីភាព តម្លាភាព សុក្រិតនិងយុត្តិធម៌ ដើម្បីក្លាយជាធនធានត្រៀមស៊ីហ្គេម ២០២៣

ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រម និងមន្ដ្រីបច្ចេកទេសកីឡាវូស៊ូ ឆ្នាំ២០២២ ដែលរៀបចំដោយសហព័ន្ធកីឡាវូស៊ូ ដើម្បីពន្លឿនធនធានមនុស្សលើផ្នែកបច្ចេកទេស មន្រ្តីសហព័ន្ធ ពីកម្រិតជាតិ និងឈានដល់កម្រិតអន្តរជាតិ ត្រៀមចូលរួមព្រឹត្តការណ៍កីឡាជាតិ លើកទី៣ និងដំណើរឆ្ពោះទៅព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា បានបញ្ចប់នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នាសាលនាយកដ្ឋានអប់រំកាយ និងកីឡា ក្នុងពហុកីឡដ្ឋាជាតិអូឡាំពិកកម្ពុជា។
លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការសហព័ន្ធកីឡា បានបញ្ជាក់ថា វគ្គសិក្សារយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី១០-១៨ ខែវិច្ឆិកា ដោយអនុវត្តតាមកិច្ចព្រមព្រៀងស្ដីពីការអនុវត្តថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២២ សម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ ឆ្ពោះទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យ។ លោក អគ្គលេខាធិការ បន្តថា សិក្ខាកាមចំនួន៣៦នាក់ បានសិក្សាផ្ដោតសំខាន់លើបច្ចេកទេសវិញ្ញាសាថាវលូ (សម្ដែង) និងវិញ្ញាសាសាន់ដា (ប្រយុទ្ធ) ឲ្យកើនឡើងទាំងបរិមាណ និងគុណភាពពីកម្រិតមូលដ្ឋានមកជាកម្រិតជាតិ និងឈានទៅកម្រិតអន្តរជាតិថែមទៀត ក្នុងការបង្កើនសមត្ថភាព ត្រៀមចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតជាលក្ខណៈអន្តរជាតិ ពិសេសស៊ីហ្គេមជាប្រវត្តិសាស្ដ្រនាឆ្នាំក្រោយ។
លោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា បានស្នើអោយសិក្ខាកាម ដែលទើបតែបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សូមយកចំណេះដឹងនេះទៅចែករំលែក និងសិក្សាបន្ថែម បន្តឈានទៅវគ្គបណ្ដុះបណ្ដាលកម្រិតអន្តរជាតិ ដើម្បីអោយក្លាយជាធនធានអាជ្ញាកណ្តាល ចៅក្រមអន្តរជាតិ សម្រាប់កម្ពុជា។ លោក អនុប្រធាន បន្តថា ឆ្នាំ២០២៣ខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍កីឡាស៊ីហ្គេម ដូច្នេះសហព័ន្ធកីឡាជាតិទាំងអស់ មានភារកិច្ចចំពោះមុខចំនួន២ ទី១-ការបណ្ដុះបណ្ដាលកីឡាករ កីឡាការិនីអោយមានសក្តានុពល ត្រៀមប្រជែងមេដាយជូនជាតិ។ ទី២-សហព័ន្ធកីឡាជាតិត្រូវដើរតួនាទីជាម្ចាស់ក្នុងការរៀបចំការប្រកួត រៀបចំអាជ្ញាកណ្តាល ចៅក្រម ចូលរួមកាត់សេចក្តី ដូច្នេះហើយសិក្ខាកាមទាំងអស់ គឺជាធនធានសម្រាប់បំពេញបន្ថែមការប្រកួតទាំងជាតិ និងអន្តរជាតិ ជាពិសេសព្រឹត្តការណ៍ជាតិលើកទី៣ខាងមុខនេះ គឺជាឪកាសវាស់ស្ទង់សមត្ថភាព និងបច្ចេកទេសជាក់ស្តែងនៅលើទីលានផ្ទាល់ ដើម្បីធានាបាននូវធនធានប្រកបដោយសក្តានុពល ត្រៀមចូលរួមរៀបចំ កាត់សេចក្តី ក្នុងព្រឹត្តការណ៍ស៊ីហ្គេមជាប្រវត្តិសាស្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ២០២៣។ លោក ប៉ែន វុទ្ធី ក៏ជំរុញអោយសិក្ខាកាមទាំងអស់ ដែលមានភារកិច្ចជាមន្រ្តីចូលរួម ក្នុងព្រឹត្តការណ៍កីឡាជាតិ សូមប្រកាន់ភ្ជាប់នូវវិន័យ សេចក្តីថ្ងៃថ្នូរ និងចេះជួយគ្នាទៅវិញទៅមក ជាធ្លុងមួយ បង្ហាញពីសាមគ្គីភាព តម្លាភាព សុក្រិតនិងយុត្តិធម៌ ដើម្បីឈានទៅជោគជ័យនាពេលខាងមុខនេះ។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រម និងមន្ដ្រីបច្ចេកទេសកីឡាវូស៊ូ ឆ្នាំ២០២២ ដែលរៀបចំដោយសហព័ន្ធកីឡាវូស៊ូ រយៈពេល៩ថ្ងៃ និងមានសិក្ខាកាមចូលរួមសរុប៣៦នាក់ និងគ្រូឧទ្ទេស៨៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner