កម្ពុជាប្រធានអាស៊ានអបអរការដោះលែងអ្នកទោសនៅមីយ៉ាន់ម៉ា (Video Inside)

កម្ពុជាដែលជាប្រធានអាស៊ានបានអបអរសាទរចំពោះសកម្មភាពដោះលែងអ្នកទោសមីយ៉ាន់ម៉ាមួយចំនួនធំ និងបានចាត់ទុកថាជាការវិវត្តន៍វិជ្ជមាន។

ប្រទេសមីយ៉ាន់ម៉ា បានរងនឹងទណ្ឌកម្មទាំងនយោបាយ និងសេដ្ឋកិច្ចក្រោយព្រឹត្តិការណ៍ចាប់ ខ្លួនលោកស្រី អង់ សានស៊ូជី កាលពីថ្ងៃទី១កុម្ភៈឆ្នាំ២០២១នោះមក។ កិច្ចប្រជុំកំពូលអាស៊ាន ក្នុងរាជធានីភ្នំពេញបានដាក់ចេញសេចក្តីថ្លែងការណ៍ថ្ងៃទី១១វិច្ឆិកាកន្លងមក «ទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្ធូរបន្ថយភាពតានតឹង និងការអត់ធ្មត់ជាអតិបរមា» ដើម្បីស្វែងរកច្រកដំណោះស្រាយដើម្បីរកសន្តិភាព សម្រាប់ប្រទេសមីយ៉ាន់ម៉ានេះ។

សេចក្តីរាយការណ៍ពីប្រទេសមីយ៉ាន់ម៉ាថ្ងៃទី១៧វិច្ឆិកាបានឱ្យដឹងថា មានអ្នកទោសមួយចំនួនធំរួមមាន មន្ត្រី, សកម្មជន, អ្នកកាសែត, មន្ត្រីទីប្រឹក្សានយោបាយរបស់លោកស្រី អង់ សានស៊ូជី, អ្នកនាំពាក្យរបស់សម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ, អតីតឯកអគ្គរាជទូតចក្រភពអង់គ្លេស និងស្វាមី ត្រូវបានដោះលែងឱ្យមានសេរីភាពសាឡើងវិញ។

សេចក្តីថ្លែងការណ៍របស់ប្រេសិតពិសេសនៃប្រធានអាស៊ាន បានសរសេរសម្តែងការស្វាគមន៍ និងចាត់ទុកការដោះលែងអ្នកទោស ក្នុងទ្រង់ទ្រាយធំនាពេលនេះ «ជាកាយវិកាដ៏សំខាន់ក្នុងទិសដៅត្រឹមត្រូវ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ចាប់ផ្តើមដំណើរការសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធទាំង អស់នៅប្រទេសមីយ៉ាន់ម៉ា»។

សេចក្តីថ្លែងការណ៍បន្តថា «នេះគឺជាសញ្ញាបង្ហាញពីសុឆន្ទៈ ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន និងជាការវិវត្តវិជ្ជមាន ស្របតាមស្មារតី និងបំណងប្រាថ្នា នៃកិច្ចព្រមព្រៀងជាឯកឆន្ទ៥ចំណុច ដែលសំរេចក្នុងកិច្ចប្រជុំ មេដឹកនាំអាស៊ាន នៅថ្ងៃទី ២៤មេសា ឆ្នាំ២០២១»។

ads banner