ប្រធានរដ្ឋសភាឡាវ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅកម្ពុជា ពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា
អត្ថបទដោយ៖
ពលជ័យ
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន (Saysomphone PHOMVIHANE) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានៅថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០២២។
អគ្គលេខាធិការដ្ឋានរដ្ឋសភាបានបន្តថា នៅក្នុងកំឡុងពេលទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវ គ្រោងមានកម្មវិធីជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា ជាអាទិ៍៖
- ចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
- ចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា
- ចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី
- ចូលជួបសវនាការ និងពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហ-ប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ។ នៅក្រោយជំនួបភាគីទាំងពីរនឹងអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងរដ្ឋសភាទាំងពីរ កម្ពុជា-ឡាវ និងរវាងអគ្គ-លេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវ
- ជំនួបពិភាក្សាការងាររវាងគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា កម្ពុជា និងគណៈកម្មាធិការការពារជាតិ និងសន្តិសុខ នៃរដ្ឋសភាឡាវ
- ជំនួបពិភាក្សាការងាររវាង ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវផងដែរ។
នៅក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវ នឹងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ មណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញទៅទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញផងដែរ៕ ដោយៈ ពលជ័យ

