ក្នុងរយៈពេលប្រាំបួនខែដើមឆ្នាំនេះ រាជរដ្ឋាភិបាលឧបត្ថម្ភដល់ស្រ្តីជាកម្មការិនីសម្រាលកូនជាងបួនម៉ឺននាក់
ភ្នំពេញ៖ ក្នុងរយៈពេលប្រាំបួនខែ ដើមឆ្នាំ២០២២ នេះ កម្មករនិយោជិកដែលជាស្រ្តីសម្រាលកូននិងទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម មានចំនួន ជិតបួនម៉ឺននាក់ ដែលចំនួននេះមានការថយចុះ បើធ្វើការប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២១។ នេះបើយោងតាមបេឡាជាតិរបបសន្តិសុខសង្គម។

ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បានលើកឡើងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា បានឱ្យដឹងថា ការផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលជូនកម្មករនិយោជិតជាស្រ្ដីសម្រាលកូនរយៈពេលប្រាំបួនខែកន្លងទៅនេះមានស្រ្ដីសម្រាលកូនសរុប ៣៩ ៥២១នាក់។
ឯកឧត្តមបន្តថា ៖ «ចំនួនស្រ្តីសម្រាលកូននេះ មានការថយចុះ ១៩,៦០ភាគរយ និងទទួលបានកូនចំនួន ៣៩ ៧៩១នាក់ ដែលមានការថយចុះ ១៩, ៦៣ភាគរយផងដែរ បើធៀបទៅនឹងរយៈពេលប្រាំបួនខែ ក្នុងឆ្នាំ២០២១ កន្លងទៅ»។
លោកបានបន្ថែមឱ្យដឹងទៀតថា សម្រាប់ឆ្នាំ ២០២២នេះ ដោយស្ថានភាពជំងឺកូវីដមានការធូរស្រាល ស្ថានភាពសុខភាពរបស់កម្មករនិយោជិតមានលក្ខណៈល្អប្រសើរ ដែលធ្វើឱ្យការផ្ដល់តាវកាលិកផ្នែកថែទាំសុខភាពមានការថយចុះ ប៉ុន្ដែចំពោះផ្នែកហានិភ័យការងារ ការផ្ដល់តាវកាលិកមានការកើនឡើង ៤៧.១៦ភាគរយ បើធៀបទៅនឹងរយៈពេលប្រាំបួនខែ ក្នុងឆ្នាំ២០២១។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានលើកឡើងនាកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី១៥ អាណត្តិទី១ របស់ប.ស.ស. ដោយបានកោតសរសើរចំពោះការខិតខំប្រឹងប្រែង សហការបានយ៉ាងល្អរបស់សមាជិកទាំងអស់នៃក្រុមប្រឹក្សាភិបាល ប.ស.ស.។
ឯកឧត្តមបានលើកឡើងថា សមាជិកទាំងអស់នៃក្រុមប្រឹក្សាភិបាល ប.ស.ស. ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកគ្រប់លំដាប់ថ្នាក់របស់ ប.ស.ស. បានខិតខំយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តការងារ សម្រេចបានលទ្ធផលការងាររយៈពេលប្រាំបួនខែ ប្រកបដោយភាពល្អប្រសើរ ច្បាស់លាស់ និងតម្លាភាព។
យោងតាមប.ស.ស. បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាជាង ៣២ លានដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភដល់កម្មករនិយោជិកជាស្រ្តី នៅពេលសម្រាលកូន។
សូមរំឭកដែរថាការផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តីជាកម្មករសម្រាលកូននេះ ជាការអនុវត្តកម្មវិធីពិសេសមួយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះ ស្រ្តីដែលសម្រាលបានកូនម្នាក់ ទទួលបាន ៤០ម៉ឺនរៀល, សម្រាលបានកូនភ្លោះពីរទទួលបាន ៨០ម៉ឺនរៀល និងសម្រាលបានកូនភ្លោះបី ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១លាន ២សែនរៀល។ សម្រាប់អ្នកដែលសម្រាលបានកូនភ្លោះបីនាក់ ក៏ទទួលបាននូវប្រាក់ឧបត្ថម្ភពិសេសបន្ថែមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួនប្រាំលានរៀលទៀតផងដែរ។
ទន្ទឹមនឹងនោះដែរ យោងតាមរបាយការណ៍របស់បេឡេជាតិរបបសន្តិសុខសង្គម បានបង្ហាញថា របបសន្ដិសុខសង្គមផ្នែកប្រាក់សោធនបានដាក់ឱ្យដំណើរការកាលពីពេលថ្មីកន្លងទៅនេះប្រកបដោយភាពជោគជ័យ និងមានសហគ្រាសតូចៗជាច្រើន មកចូលរួមចុះបញ្ជិកាជាមួយ ប.ស.ស.។
ប្រភពដដែលបានបន្តថា បម្រែបម្រួលនៃការចុះបញ្ជិការបស់សហគ្រាស គ្រឹះស្ថាន វិស័យឯកជននេះមានការកើនឡើងខ្ពស់ ក្នុងនោះមានសហគ្រាសចុះបញ្ជីចំនួន ២ ១៧៧សហគ្រាស មានការកើនឡើង១៦៥.១៦ភាគរយ និងមានសមាជិក ២២៩ ៦៥៥នាក់ កើនឡើង ៤៥១.២៩ភាគរយជាទិន្នន័យកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់បើធៀបទៅនឹងរយៈពេលប្រាំបួយខែ ក្នុងឆ្នាំ២០២១។
គិតត្រឹមខែកញ្ញា ឆ្នាំ២០២២ នេះ សហគ្រាស គ្រឹស្ថាន វិស័យឯកជន ដែលបានចុះបញ្ជិកាមក ប.ស.ស. មានចំនួន ១៣ ៣៥៥សហគ្រាស ដែលមានសមាជិកសរុប ១ ៤៦៦ ៧២៥នាក់។ ដោយឡែកសម្រាប់វិស័យសាធារណៈ ផ្នែកហានិភ័យការងារមានចំនួន ៣៥ស្ថាប័ន និងផ្នែកថែទាំសុខភាព មានចំនួន ៣៩ស្ថាប័ន ដែលមានក្នុងប្រព័ន្ធ ប.ស.ស.៕ ដោយ៖ នាង សុគន្ធា