អតិផរណានៅជប៉ុន ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤០ ឆ្នាំ ដោយសារប្រាក់យ៉េនចុះខ្សោយ
ជប៉ុន៖ អតិផរណានៅជប៉ុន បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៤០ ឆ្នាំនៅក្នុងខែតុលា ដោយសារតម្លៃប្រាក់យ៉េនធ្លាក់ចុះ ហើយជំរុញឱ្យតម្លៃទំនិញនាំចូលកើនឡើង បន្ថែមពីលើកំណើនដែលមានស្រាប់ដោយសារតែការរអាក់រអួលនៃចង្វាក់ផ្គត់ផ្គង់សកល។
បើតាមការដក់ស្រង់ទិន្នន័យរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានបង្ហាញថា ក្រុមហ៊ុនជប៉ុននានាអាចនឹងទម្លាក់ចោលនូវផ្នត់គំនិតកាត់បន្ថយផរណារបស់ខ្លួន ដោយពួកគេដំឡើងថ្លៃបន្តិចម្តងៗពីចាប់តាំងពីតម្លៃឥន្ធនៈ រហូតដល់តម្លៃចំណីអាហារ។
សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ស្នូល (CPI) ទូទាំងប្រទេស ដែលមិនរាប់បញ្ចូលតម្លៃអាហារ ប៉ុន្តែរួមបញ្ចូលថាមពល បានកើនឡើង ៣,៦ ភាគរយនៅក្នុងខែតុលា ធៀបនឹងការកើនឡើង ៣,៥ ភាគរយ ដែលអ្នកសេដ្ឋកិច្ចរំពឹងទុក។ អត្រានេះកើនឡើងពី ៣,០ កាលពីខែកញ្ញា ដែលជាកំណើនលឿនបំផុតចាប់តាំងពីខែកុម្ភៈឆ្នាំ ១៩៨២។
ទិន្នន័យដដែលបង្ហាញថា កំណើន CPI នៅតែខ្ពស់ជាងគោលដៅអតិផរណា ២ ភាគរយ របស់ធនាគារកណ្តាលជប៉ុន (BOJ) សម្រាប់រយៈពេល៧ខែជាប់ៗគ្នា។ ទោះបីជាមានការពង្រីកសម្ពាធតម្លៃ ដែលជាការព្រួយបារម្ភកាន់តែខ្លាំងឡើងសម្រាប់ប្រជាជនជប៉ុនក៏ដោយ ក៏BOJនឹងមិនចូលរួមក្នុងនិន្នាការសកល ដោយរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ តាមរយៈការដំឡើងអត្រាការប្រាក់នោះដែរ។
សូមបញ្ជាក់ថា រូបិយប័ណ្ណជប៉ុនបានធ្លាក់ចុះដល់កម្រិតទាបរយៈពេល ៣២ ឆ្នាំក្នុងខែតុលា ដោយឈានដល់ ១៥១ យ៉េន/ដុល្លារ ហើយសន្ទុះនេះល្អប្រសើរឡើងវិញគិតត្រឹមថ្ងៃសុក្រ ពោលគឺ ១៤០ យ៉េន/ដុល្លារ។
កាលពីថ្ងៃព្រហស្បតិ៍ ទី ១៧ ខែវិច្ឆិកា អភិបាល BOJ លោក Haruhiko Kuroda បានរំឭកឡើងវិញ ពីការសន្យាដើម្បីរក្សាការជំរុញរូបិយវត្ថុក្នុងគោលបំណងគាំទ្រដល់សេដ្ឋកិច្ចផុយស្រួយ ដែលកំពុងប្រឈមមុខនឹងស្ថិរភាពនៃអតិផរណាទន់ខ្សោយ និងការងើបឡើងវិញពីការធ្លាក់ចុះនៃវិបត្តិកូវីដ-១៩។
លោក Kuroda បានអះអាងថា តម្លៃទំនិញសកលមានចំណែកជាងពាក់កណ្តាលនៃការដំឡើងតម្លៃ ហើយអតិផរណាដែលជំរុញតម្លៃនេះ នឹងមិនមានរយៈពេលយូរនោះទេ។
លោកបន្តថា អតិផរណាសម្រាប់អ្នកប្រើប្រាស់ជប៉ុន ទំនងនឹងឈានដល់ ៣ ភាគរយ សម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ននេះ ដែលនឹងបញ្ចប់នៅចុងខែមីនាឆ្នាំក្រោយ ប៉ុន្តែល្បឿននឹងធ្លាក់ចុះដល់ពាក់កណ្តាលនៃអត្រានោះនៅឆ្នាំក្រោយ ដោយសារទំនិញ និងកត្តាជំរុញតម្លៃផ្សេងទៀតធ្វើឱ្យលំហូររបស់ពួកគេដំណើរការ៕ ដោយ៖ ហួន ឌីណា