ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសន្ទនាជាមួយប្រធានសភាវៀតណាម (Video Inside)
ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានទទួលជួបសំណេះសំណាល ជាមួយនឹងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។ ប្រធានសភាវៀតណាម លោក វឿង ឌិញហ្វេ កំពុងបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា ចូលរួម មហាសន្និបាតអន្តរសភាអាស៊ីអាគ្នេយ៍លើកទី៤៣ នៅរាជធានីភ្នំពេញ ។
ជំនួបរវាងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងប្រធានរដ្ឋសភាវៀតណាម បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២២។ មន្ត្រីកម្ពុជាបានថ្លែងថា កិច្ចជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាស កក់ក្តៅ ស្និទ្ធស្នាល យោគយល់ និងក្នុងស្មារតីជឿទុកចិត្តគ្នា បន្តពូនជ្រំនូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស, ប្រជាជន និងជាពិសេសយុវជន នៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ, ស៊ីជម្រៅ ប្រកបដោយយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។
ភាគីទាំងពីរបានសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើនឥតឈប់ឈរ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជា ប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង”។ ភាគីទាង២ បានកត់ សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ នាពេលកន្លងមក ជាអាទិ៍៖ ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សុខាភិបាល អប់រំ ទេសចរណ៍ វប្បធម៌ និងបញ្ហាព្រំដែន ដែលមានការរីកចម្រើនកើនឡើងគួរឱ្យកត់សំគាល់ ហើយបានប្តេជ្ញាបន្តពង្រឹងឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។
ប្រធានរដ្ឋសភាវៀតណាម និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឯកភាពគ្នាក្នុងនាមជាបងប្អូន និងអ្នកជិតខាងល្អ ដើម្បីបន្តថែរក្សាទំនាក់ទំនងជិតស្និទ្ធរវាងយុវជន នៃប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ នៃសន្តិភាព មិត្តភាព និងការអភិវឌ្ឍនៃប្រទេសទាំងពីរ… និងបង្កើនថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាពហុភាគីនានា ទាំងក្នុងកម្រិតតំបន់ និងសាកលលោក។