កិច្ចប្រជុំគណៈកម្មាធិការនយោបាយ AIPA ដឹកនាំដោយលោក ហ៊ុន ម៉ានី យល់ព្រមលើសេចក្តីព្រាង៥ចំណុច (Video Inside)
កិច្ចប្រជុំរបស់គណៈកម្មាធិការនយោបាយ AIPA ដឹកនាំដោយលោក ហ៊ុន ម៉ានី នៅថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២២ បានយល់ព្រមលើសេចក្តីព្រាង៥ចំណុចពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ ពហុភាគីនិយម និងការទូតសភាលើបញ្ហាដែនសមុទ្រ។
មហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤៣ បានចាប់ផ្តើមថ្ងៃទី២១ វិច្ឆិកា និងបញ្ចប់នៅថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលជាប្រធានអាយប៉ាឆ្នាំ២០២២។
កិច្ចប្រជុំគណៈកម្មាធិការនយោបាយ AIPA ដឹកនាំដោយលោក ហ៊ុន ម៉ានី វេលាថ្ងៃអង្គារ៍នេះ មានការអញ្ជើញចូលរួមពីសំណាក់គណៈប្រតិភូសមាជិកសភាអាយប៉ានានាដូចជាប្រទេស ប្រុយណេ ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សិង្ហបុរី ថៃឡង់ដ៍ វៀតណាម និងកម្ពុជា។
មន្ត្រីចូលរួមបានថ្លែងថា កិច្ចប្រជុំគណៈកម្មាធិការនយោបាយអាយប៉ា បានឯកភាពបញ្ចូល សេចក្តីព្រាងចំនួន ០៥ សម្រាប់ដាក់ជូនមហាសន្និបាតអោយប៉ាលើកទី៤៣ អនុម័តក្នុងកិច្ច ប្រជុំពេញអង្គដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២២។
សេចក្តីព្រាងនៃសេចក្តីសម្រេចសំខាន់ៗចំនួន ០៥ ដែលបានព្រមព្រៀងនោះរួមមាន៖
១. សេចក្តីព្រាងសេចក្តីសម្រេចស្ដីពី «របាយការណ៍កិច្ចប្រជុំក្រុមសមាជិកសភា អាយប៉ា លើកទី ១៣»។
២.សេចក្តីព្រាងសេចក្តីសម្រេច “របាយការណ៍កិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំ អាយប៉ា និងប្រមុខដឹកនាំអាស៊ាននៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១។
៣. សេចក្តីព្រាងសេចក្តីសម្រេចស្ដីពី «ការលើកកម្ពស់សន្តិភាព វិបុលភាព និងពហុភាគីនិយម។
៤.សេចក្តីព្រាងសេចក្តីសម្រេចស្ដីពី «ការលើកកម្ពស់ការទូតសភាក្នុងបញ្ហាសន្តិសុខដែនសមុទ្រ និងការកសាងស្ថេរភាពតំបន់នៅអាស៊ីអាគ្នេយ៍» ។
៥. សេចក្តីព្រាងសេចក្តីសម្រេចស្ដីពី «ការប្រើប្រាស់ការទូតសភាដើម្បីអនុវត្តចំណុចកុងសង់ស៊ីសទាំង ៥» ។