សម្តេចតេជោ ហ៊ុន សែន ចាត់ទុក «ទឹកដីអង្គរជាកន្លែង នៃកិច្ចសន្ទនាប្រកបដោយស្ថាបនា» រវាងចិន និងសហរដ្ឋអាមេរិក (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំពឹងអំពីការជួបគ្នាមួយរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិចិន និងអាមេរិកនាវេលាថ្ងៃពុធទី២៣ វិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ នៅក្នុងខេត្តសៀមរាប។
គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធរវាងពីថ្ងៃទី២១ ដល់២៣ វិច្ឆិកា ក្នុងក្រុងអង្គរ ខេត្តសៀមរាប ដែលកិច្ចប្រជុំនេះ នឹងមានការអញ្ជើញចូលរួមពីរដ្ឋមន្រ្តីក្រសួងការពារជាតិចិនលោក វ៉េ ហ្វេងហឺ, រដ្ឋមន្ត្រីការពារជាតិ អាមេរិកលោក ឡយ អូស្ទីន, រដ្ឋមន្ត្រីការពារជាតិឥណ្ឌា និងបណ្តារដ្ឋមន្ត្រីការពារជាតិ មកពីប្រទេសនានាមួយចំនួនទៀត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងចាត់ទុកថាបើសិនជាមានជំនួបកើតឡើងមែន «ទឹកដីអង្គរគឺជាកន្លែងនៃកិច្ចសន្ទនាប្រកបដោយស្ថាបនា» រវាងប្រទេសចិន និងសហរដ្ឋអាមេរិក។
ក្តីរំពឹងនៃជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការពារជាតិចិន និងរដ្ឋមន្ត្រីការពារជាតិអាមេរិក នៅក្នុងខេត្តសៀមរាប គឺនៅបន្ទាប់ពីមានជំនួបកំពូលមួយរវាងប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២២ នាឱកាសដែលមានកិច្ចប្រជុំប្រទេស G20 ។
ជំនួបរវាងមេដឹកនាំកំពូលនៃប្រទេសទាំង២ ប្រមាណជាងមួយសប្តាហ៍មកនេះ ត្រូវគេរាយការណ៍ថាបានជួយសម្រួលដល់ភាពតានតឹង របស់ពិភពលោក មានភាពធូរស្រាលបន្តិចសាឡើងវិញ។ ដោយឡែក ជំនួបទ្វេភាគី រវាងរដ្ឋមន្ត្រីការពារជាតិចិនលោក វ៉េ ហ្វេងហឺ និងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយ អូស្ទីន នៅលើទឹកដីខេត្តសៀមរាបរបស់កម្ពុជា ត្រូវគេរំពឹងថានឹងអាចជួយបន្ធូរបន្ថយស្ថានភាពតានតឹង ជាច្រើនទៀតដល់ពិភពលោកផងទៀត។