សាលាជាតិវិជ្ជាជីវៈទេសចរណ៍ បានចាប់ផ្ដើមសាងសង់ដំបូងគេ នៅរាជធានីភ្នំពេញ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានរៀបចំពិធីក្រុងពាលីតាមទំនៀមទម្លាប់ ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងការចាប់ផ្តើមបើកការដ្ឋានសាងសង់ដំបូងគេនៅរាជធានីភ្នំពេញ ខណៈដែលគ្រោងសាងសង់សាលានេះមួយទីតាំងទៀត នៅខេត្តព្រះសីហនុ។

ពិធីក្រុងពាលីនេះត្រូវបានធ្វើឡើង នៅការដ្ឋានសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ។ ចំណែកពិធីបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍នេះ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

យោងតាមក្រសួងទេសចរណ៍បានឱ្យដឹងថា សាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញនេះ មានសំណង់ពីរអគារ ដែលខាងមុខមានកម្ពស់ ២ជាន់ និងខាងក្រោយកំពស់ ៤ជាន់។ អគារនោះមាន បន្ទប់រៀន បន្ទប់ធ្វើការ បន្ទប់សាស្ត្រាចារ្យ បន្ទប់កុំព្យូទ័រ បន្ទប់ប្រជុំ បន្ទប់អនុវត្តគំរូ សម្រាប់សេវាកម្មសណ្ឋាគារ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សេវាកម្មធ្វើដំណើរ និងទេសចរណ៍ មានបណ្ណាល័យ ភោជនីយដ្ឋាន និងបន្ទប់សង្គ្រោះបឋម បន្ទប់ដាក់សម្ភារ ចំណតរថយន្ត ប្រព័ន្ធការពារហានិភ័យ និងលំហបៃតងជាដើម។

អគារសាលាជាតិវិជ្ជាជិវៈទេសចរណ៍នេះ អាចដាក់សិស្សបានប្រមាណ ៦០០នាក់ បន្ទាប់ពីសំណង់អគារសាលាត្រូវបានសាងសង់រួចរាល់ សាលាគ្រោងនឹងទទួលសិស្សចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈទេសចរណ៍ និងវគ្គផ្សេងៗទៀតនៅឆ្នាំសិក្សា ២០២៤-២០២៥ ចំនួន ៣០០នាក់នៅភ្នំពេញ។ នេះបើតាមក្រសួងទេសចរណ៍។

ជាមួយគ្នានោះដែរ ក្រៅពីនេះទៀតនឹងមានការដាក់ចេញនូវកម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចំនួនបួនផ្នែក សំខាន់ៗរួមមាន ផ្នែកសេវាកម្មសណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍, ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ, ផ្នែកសេវាកម្មធ្វើ ដំណើរ និងផ្នែកសេវាកម្មទេសចរណ៍។

បន្ថែមពីនេះ ក៏មានការបែងចែករយៈពេលនៃកម្រិតសិក្សាដូចជា កម្រិតបី ដោយរៀនរយៈពេលមួយឆ្នាំ និងឌីប្លូមកម្រិតខ្ពស់រៀនរយៈពេលពីរឆ្នាំ និងមានវគ្គបណ្តុះបណ្តាលបន្ត និងខ្លី និងជាមជ្ឈមណ្ឌលវាយតម្លៃស្របតាមស្តង់ដាជាតិ និងអាស៊ានផងដែរ។

ជុំវិញរឿងនេះអ្នកនាំពាក្យក្រសួងទេសចរណ៍ ឯកឧត្តម តុប សុភក្តិ បានប្រាប់ថា ការសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍នេះវាជាពិតជាមានសារៈសំខាន់ក្នុងការបណ្ដុះបណ្ដាលនូវធនធានមនុស្ស ដែលមានន័យថាជាការដើរតួនាទីសំខាន់សម្រាប់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ និងការកសាងនូវធនធានមនុស្សសម្រាប់ចូលរួមស្ដារវិស័យទេសចរប្រទេសកម្ពុជាឱ្យកាន់តែមានគុណភាព។

ឯកឧត្តម តុប សុភក្តិ បានប្រាប់ថា ៖ «ដូច្នេះសាលានេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យទេសចរ ជាពិសេសគឺការផ្ដល់ឱកាសទៅដល់យុវជនរបស់យើង ហើយនិងអ្នកជំនាន់ក្រោយទាំងអស់ ដែលគាត់ចង់រៀនអំពីជំនាញវិជ្ជាជីវៈទេសចរ។ អ៊ីចឹងគាត់ត្រូវចូលរៀននៅសាលាហ្នឹង»។

លោកបានបន្ថែមថា អ្នកដែលសិក្សានៅសាលានេះគឺមានទាំងវគ្គបណ្ដុះបណ្ដាលខ្លី ក៏ដូចជាវគ្គបណ្ដុះបណ្ដាលទាំងមានកម្រិតរយៈពេលមួយឆ្នាំទៅពីរឆ្នាំ សម្រាប់ការអភិវឌ្ឍន៍កម្រិតសមត្ថភាពរបស់ពួកគាត់ក្នុងការធ្វើឲ្យប្រសើរឡើងវិស័យទេសចរផងដែរ។

សូមបញ្ជាក់ថា ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) បានផ្ដល់ហិរញ្ញប្បទានឥតសំណង ១,៥លានអឺរូ ដល់ការពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) និងផ្តល់កម្ចីហិរញ្ញប្បទាន ចំនួន១១លានអឺរ៉ូ (ប្រហែល១២លានដុល្លារ) ដល់គម្រោងសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង គឺនៅភ្នំពេញ និងខេត្តព្រះសីហនុ៕ ដោយ៖ជា សុខនី

ads banner