TYDA ជួយព្យាបាលពលរដ្ឋជិត១៤០០នាក់ ក្នុងសហគមន៍ក្រីក្រសង្កាត់ឃ្មួញ (Video Inside)
ពលរដ្ឋចំនួន១ពាន់៣៩៥នាក់ក្នុងសហគមន៍នៅសង្កាត់ឃ្មួញ នៃខណ្ឌសែនសុខជាយរាជធានីភ្នំពេញ បានទទួលការពិនិត្យព្យាបាល ដោយក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជន សម្ដេចតេជោ(TYDA)។
ការចុះពិនិត្យពលរដ្ឋក្នុងសហគមន៍ក្រីក្រកាលពីចុងសប្តាហ៍កន្លងមកនេះ ដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ ការពិនិត្យព្យាបាលបានផ្តោតលើជម្ងឺទូទៅ និងជំងឺមាត់ធ្មេញ ដែលប្រព្រឹត្តទៅក្នុងបរិវេណសាលាបឋមសិក្សាសែនសុខ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងថាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខភាពប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវា ព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដោយបញ្ជូនក្រុមគ្រូពេទ្យ TYDA ចុះព្យាបាលប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តតាមសហគមន៍, អង្គការមជ្ឈមណ្ឌលកុមារកំព្រា និងសាលារៀនជាដើម។
យោងតាមរបាយការណ៍ ក្នុងចំណោមអ្នកព្យាបាលចំនួន១ពាន់៣៩៥នាក់ គេបាន បញ្ជូនអ្នកជម្ងឺ៥៩នាក់មកបន្តព្យាបាលបន្ថែមទៀត។
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) គិតត្រឹមឆ្នាំ២០២២នេះ មានអាយុ ១០ឆ្នាំហើយជាមួយនឹងសមាជិកសរុបជាង ៨ពាន់នាក់។ សមាគម TYDA គិតមកទល់ពេល នេះ បានព្យាបាលប្រជាពលរដ្ឋបានចំនួនជិត៣៥ ម៉ឺននាក់ ក្នុងនោះអ្នកជំងឺធ្ងន់ធ្ងរជាង ០៦ ពាន់នាក់ត្រូវបានបញ្ជូនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និងអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន ៥៨នាក់ត្រូវបានវះកាត់ដោយជោគជ័យក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។