លោក ស្រ៊ុន លាង៖ ការរៀបចំក៏ល្អ មន្រ្តីបច្ចេកទេសក៏មានសមត្ថភាពគ្រប់គ្រាន់ ស៊ីហ្គេម ២០២៣ នឹងកាន់តែល្អប្រសើរ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖លោក ស្រ៊ុន លាង អគ្គលេខាធិការរងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអោយដឹងថា ព្រឹត្តការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ សហព័ន្ធបានរៀបចំយ៉ាងល្អ រីឯមន្រ្តីបច្ចេទេសមានសមត្ថភាពគ្រប់គ្រាន់ មិនជាបារម្មណ៍សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣។ ការបញ្ជាក់អោយដឹងនេះធ្វើឡើងក្រោយបញ្ចប់ថ្ងៃទី១ នៃការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” នៅព្រឹត្តការណ៍កីឡាជាតិ នាខេត្តកំពត។
លោកអគ្គលេខាធិការង បញ្ជាក់ថា កីឡាជាតិលើកទី៣នេះ គឺជាការអនុវត្តផ្ទាល់ចុងក្រោយពីការប្រកួតកម្រិតថ្នាក់ជាតិធំ និងលំនាំស៊ីហ្គេមរបស់មន្រ្តីបច្ចេកទេសសហព័ន្ធ ដើម្បីពិនិត្យមើលសមត្ថភាព ពីការកាត់សេចក្តីផ្ទាល់ ទាំងការបញ្ជាចេញដំណើរ ការទទួលសារដល់ទី ការសម្រង់លទ្ធផលបច្ចេកទេស (ថេរវេលា) ចូលក្នុងតារាង សង្កេតឃើញមន្រ្តីយើងមានការឈ្លាសវៃ លឿន ច្បាស់លាស់ទៅតាមបច្ចេកទេសប្រកួតអន្តរជាតិ។ លោក ស្រ៊ុន លាង បន្តថា មន្រ្តីបច្ចេកទេស អាចនិយាយបានថា មានសមត្ថភាពគ្រប់គ្រាន់ពីបច្ចេកទេស និងលក្ខន្តិកៈ បានត្រឹមត្រូវតាមស្តង់ដា តែ ចំណុចមួយបញ្ហាផាសាអាចជាឧបសគ្គខ្លះសម្រាប់ពួកគាត់ ដោយសារក្រោយបញ្ចប់ព្រឹត្តការណ៍ ជាតិ នេះ សហព័ន្ធនឹងជ្រើសរើសមន្រ្តីបច្ចេកទេស២ទៅ៣រូប ទៅសិក្សាវគ្គបណ្តុះបណ្តាលបន្ថែមនៅ ក្រៅ ប្រទេស ដើម្បីអោយក្លាយជាមន្រ្តីបច្ចេកទេសអន្តរជាតិ ទទួលពីសហព័ន្ធកីឡាទូកអន្តរជាតិ ត្រៀម ស៊ីហ្គេម នៅកម្ពុជា។ លោក បន្ថែមថា ការៀបចំការប្រកួត ទីលាន និងបដិសណ្ឋាកិច្ច មន្រ្តីសហព័ន្ធមានបទពិសោធន៍ច្រើន ពីព្រោះពួកគាត់ធ្លាប់ទទួលបានការបណ្តុះបណ្តាលពីអ្នកជាតិ និងអន្តរជាតិ ជាពិសេសធ្លាប់មានបទពិសោធន៍រៀបចំព្រឹត្តការណ៍ប្រកួតជាច្រើន និងធ្លាប់រៀនសូត្រពីអន្តរជាតិផងដែរ។ ក្នុងនោះការប្រកួតកីឡាជាតិនេះ ជាយុទ្ធសាស្រ្តសំខាន់ក្នុងការដុសខាត់សមត្ថភាពអត្តពលិក ដើម្បីស្វែងរកកីឡាករឆ្នើមៗដែលមានគុណផលល្អបន្ថែម ពីបណ្តារាជធានី ខេត្ត ក្រុង មកធ្វើការហ្វឹកហាត់ជាមួយ ក្រុមជម្រើសជាតិ ដើម្បីបំពេញបន្ថែមចំនុចខ្សោយ ពង្រឹងចំនុចខ្លាំង ជាពិសេសផ្លាស់ប្តូរសមាសភាព ដែលមិនមានសិទ្ធផលកើនឡើង ត្រៀមប្រកួតប្រជែងដណ្តើមមេដាយអោយពីព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្រ្តលើកដំបូងអោយទទួលបានជោគជ័យ នាំកិត្តិយសជូនជាតិ ។
សូមបញ្ជាក់ថា ការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២នេះ រៀបចំឡើង នៅខេត្តកំពត ដោយមានសមាគមកីឡាទូករាជធានីខេត្ត-ក្រុង និងក្រសួង ចំនួន៧ចូលរួម ប្រកួតលើវិញ្ញាសា៥០០ម៉ែត្រផ្នែកបុរស ។ ក្នុងនោះសហព័ន្ធបានដាក់មន្រ្តីបច្ចេកទេសសរុប៦០នាក់ ចូលរួមកាត់សេចក្តីការប្រកួតផ្ទាល់៕ ចាន់ វិចិត្រ

ads banner