រដ្ឋសភាអនុម័តសេចក្តីស្នើវិសោធនកម្មប្រការមួយចំនួន នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងសេចក្តីព្រាងច្បាប់ចំនួនបី
ភ្នំពេញ៖ រដ្ឋសភាបានអនុម័តលើសេចក្តីស្នើវិសោធនកម្មប្រការមួយចំនួន នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ។ ការអនុម័តនេះ បានធ្វើឡើងសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី។

របៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ មានចំនួន៤ គឺ៖
១- ការពិភាក្សា និងអនុម័តសេចក្តីស្នើ វិសោធនកម្មប្រការ ២ថ្មី (ពីរ) ប្រការ ៥ថ្មី (ពីរ) ប្រការ ១០ថ្មី (បី) ប្រការ ១៦ និងប្រការ ៣៥ថ្មី នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអង្គសភាបានអនុម័តយល់ព្រម លើសេចក្តីស្នើវិសោធនកម្មនេះទំាងមូល មានចំនួន ៩៩សំឡេង។
២- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ ការគ្រប់គ្រងឆ្នាំ២០២១ ៖ សេចក្តីព្រាងច្បាប់នេះ មាន ៣ជំពូក និង ២២មាត្រា ត្រូវបានអង្គសភាបានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់នេះ ទំាងមូល មានចំនួន ៩៩សំឡេង។
៣- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ៖ សេចក្តីព្រាងច្បាប់នេះ មាន ៥ជំពូក និង ១៤មាត្រា ត្រូវបានអង្គរដ្ឋសភាបានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ទំាងមូល មានចំនួន ៨៩សំឡេង។
៤- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖
-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មអនុសញ្ញា ស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិដោយបន្ថែមមាត្រា៣ស្ទួន
-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥០(ក) នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ
-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦ នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ
-សេចក្តីព្រាងច្បាប់នេះ មាន ២មាត្រា ៖ អង្គរដ្ឋសភាបានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ទំាងមូល មានចំនួន ៨៨សំឡេង៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា








