ស្មារតី២ធ្នូជាអមតៈ
ថ្ងៃទី២ ធ្នូ ឆ្នាំ១៩៧៨ បានបង្កើតជាចលនារណសិរ្សដ៏អង់អាចក្លាហាន នៅក្នុងតំបន់រំដោះនាភូមិជើងភ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ និងបានវាយផ្តួលរំលំពួកខ្មែរក្រហម នៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានកាន់អំណាចនៅកម្ពុជាចាប់ពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។
រណសិរ្ស២ធ្នូ នេះ មានឈ្មោះដំបូងថា«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដឹកនាំដោយឥស្សរជន ជាន់ខ្ពស់ជាច្រើនរូប រួមមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនគណបក្ស ប្រជាជនកម្ពុជា ជាច្រើនទៀត ដើម្បីតស៊ូវាយរំដោះទឹកដី និងសង្រ្គោះជីវិតប្រជាជនកម្ពុជា ពីរបបវាលពិឃាដប្រល័យពូជសាសន៍ ប៉ុល ពត ហើយដោយមានការគាំទ្របន្ថែម ពីកងទ័ពស្មគ្រចិត្តវៀតណាម ទទួលបានជ័យជំនះទាំងស្រុង នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។
ដោយសារគុណូបការៈនេះហើយ បានធ្វើឲ្យស្មារតី២ធ្នូ ក្លាយទៅជាថ្ងៃ ដែលនៅស្ថិតស្ថេរជា អមតៈក្នុងដួងចិត្តប្រជាជនកម្ពុជា ជាពិសេសដួងចិត្តយុវជនជំនាន់ក្រោយគ្រប់ៗរូប។
បច្ចុប្បន្ននេះ រណសិរ្សសាមគ្គីសង្គ្រោះជាតិ ២ ធ្នូ ត្រូវបានប្តូរឈ្មោះមកជា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» វិញដែលជាអង្គការចាត់តាំងមួយ ឈានមុខរបស់គណបក្សប្រជាជនកម្ពុជា។
ការកើតឡើងនៃប្រវត្តិសាស្រ្ត២ធ្នូ និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចសព្វថ្ងៃ?
ជារៀងរាល់ឆ្នាំ ចលនារណសិរ្ស២ធ្នូ តែងតែប្រារព្ធទិវារំលឹក មិនដែលខកខានឡើយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អ្នកមុខអ្នកការ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានចងចាំថា រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះជីវិតទាំងអស់គ្នាឲ្យ រួចផុតពីវិនាសកម្មដ៏ព្រៃផ្សៃ ឥតគណនាបាន នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្តោះទេ ប៉ុន្តែរណសិរ្ស២ធ្នូ បានជួយប្រជាជនកម្ពុជាក្នុងការស្តារ កសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឲ្យមានការបង្រួបបង្រួមជាតិ បង្កើតឡើងនូវសន្តិភាព ស្ថេរភាពនយោបាយ និងការរីកចំរើនលើគ្រប់វិស័យ។
ស្មារតី២ធ្នូបានធ្វើឲ្យកម្ពុជា បានសម្រេចជោគជ័យដ៏ត្រចះត្រចង់ ក្នុងការបំពេញបេសកកម្មបម្រើជាតិរយៈពេល ៤៤ឆ្នាំ មកនេះ ជាពិសេសព្រឹត្តិកាណ៍ជាប្រវត្តិសាស្រ្ត មួយចំនួន ដូចជា៖
- ទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត
- ការស្តារ និងកសាងប្រទេស ពីគំនរឆ្អឹង និងទឹកភ្នែកឈាម បន្សល់ទុកពីរបបកម្ពុជាប្រជាធិបតេយ្យ
- បង្កើតបានបុព្វបទនិងលក្ខណៈជាមូលដ្ឋានសម្រាប់ការបង្រួបបង្រួមជាតិ ឯកភាពទឹកដី
- ការបង្កើតរដ្ឋធម្មនុញ្ញថ្មី និងព្រះរាជាណាចក្រកម្ពុជាទី២នៅឆ្នាំ១៩៩៣
- ដាក់ចេញនយោបាយឈ្នះឈ្នះ ដោយមគ្គុទ្ទេសក៏ឯកនៃ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បង្កើតបានសន្តិភាព ពេញលេញ ជូនជាតិកម្ពុជា នៅចុងឆ្នាំ១៩៩៨
- កម្ពុជាមានការរីកចម្រើន មានរស់នៅកាន់តែប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ជាង៧% ជារៀងរាល់ឆ្នាំ រយៈពេលជា២០ឆ្នាំជាប់គ្នា
- កម្ពុជាទទួលបានកិត្តិយស និងកិត្យានុភាពប្រសើរឡើង នៅលើឆាកអន្តរជាតិ ដោយមានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយស្មើសិទ្ធិនិងស្មើភាព នៅលើពិភពលោក
- កម្ពុជាគេចផុតពីជ្រោះមរណៈ នៃផលប៉ះពាល់ពីជំងឺកូវីដ-១៩ និង សម្រេចបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ -១៩ ដោយបង្កើតបានភាពស៊ាំសហគមន៍រឹងមាំ
- កម្ពុជា មានសមត្ថភាពដឹកនាំ និងចូលរួមដោះស្រាយបញ្ហាតំបន់ និងពិភពលោក ប្រកបដោយស្មារតីរឹងមាំ និងការទទួលខុសត្រូវខ្ពស់
- ភាពជាម្ចាស់ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដោយជោគជ័យ និងបង្កើតជាកិត្តិយសជាតិ មោទនភាពជាតិ និងកិត្យានុភាពជាតិសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល។
- កម្ពុជាត្រូវបានព្យាករណ៍ថា នៅឆ្នាំ២០២២ ថាសេដ្ឋកិច្ចអាចមានកំណើនក្នុងអត្រា៥,២% និង ជាង៦%ក្នុងឆ្នាំ២០២៣។
សមិទ្ធផលរីកម្រើនសន្ធឹកសន្ធាប់ដូចសព្វថ្ងៃនេះ គឺជាមរតកដ៏មានតម្លៃ ឧត្តុងឧត្តមថ្លៃថ្លាបំផុតរបស់ប្រជាជនកម្ពុជា ក៏ដូចជាយុវជនអ្នកបន្តវេន ត្រូវតែថែរក្សាការពារឲ្យបានគង់វង្សជានិរន្តរ៍។ កម្ពុជានឹងបន្តពង្រឹងកម្លាំងមហាសាមគ្គីប្រជាជាតិ ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ថែរក្សាសន្តិភាព និងរាល់សមិទ្ធផលនៃសង្គមជាតិ ឲ្យបានរឹងមាំស្ថិតស្ថេរ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ និងបន្តជំរុញដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព ឈានទៅសម្រេចចក្ខុវិស័យ ប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕ ដោយ ខ្វៃ អាទិត្យា