ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៖ ករណីឃុំខ្លួនឈ្មោះ ឈឹម ស៊ីថរ មិនមានការពាក់ព័ន្ធនឹងការដោះស្រាយវិវាទការងាររួមនោះទេ

ភ្នំពេញ៖ ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ករណីឃុំខ្លួនអតីតបុគ្គលិកឈ្មោះ ឈឹម ស៊ីថរ ជាថ្មីម្តងទៀតនេះ គឺពាក់ព័ន្ធនឹងអំពើបំពានកាតព្វកិច្ច នៃការត្រូត៏ពិនិត្យតាមផ្លូវតុលាការ ដោយមិនមានការពាក់ព័ន្ធនឹងការដោះស្រាយវិវាទការងាររួមនោះទេ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ។

ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីឃុំខ្លួន កញ្ញា ឈឹម ស៊ីថរ អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ដោយចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។ ការិយាល័យអ្នកនាំពាក្យ បានបញ្ជាក់ជូនដូចខាងក្រោម៖
១- ករណីឃុំខ្លួនអតីតបុគ្គលិកឈ្មោះ ឈឹម ស៊ីថរ ជាថ្មីម្តងទៀតនេះ គឺពាក់ព័ន្ធនឹងអំពើបំពានកាតព្វកិច្ច នៃការត្រូត៏ពិនិត្យតាមផ្លូវតុលាការ ដោយមិនមានការពាក់ព័ន្ធនឹងការដោះស្រាយវិវាទការងាររួមនោះទេ។
២- ករណីវិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ក្រសួងបានខិតខំធ្វើការសម្របសម្រួល ផ្សះផ្សា និង ដោះស្រាយតាមនីតិវិធីច្បាប់ ដោយយកចិត្តទុកដាក់ជាទីបំផុត ហើយដំណើរការដោះស្រាយនេះ ដល់ដំណាក់កាលចុងក្រោយនៃនីតិវិធីដោះស្រាយវិវាទការងាររួម ដែលត្រូវបានកំណត់ដោយច្បាប់ជាធរមាន។ ទោះជាយ៉ាងនេះក៏ដោយ ក្រសួងនៅតែបន្តប្រើប្រាស់នូវយន្តការអគ្គលេខាធិការដ្ឋាន គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (អ.គ.ក.ប.ដើម្បី បន្តសម្របសម្រួលវិវាទនេះ ក្រៅប្រព័ន្ធតុលាការស្របតាមឆន្ទៈគូភាគី ដោយគិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានសម្របសម្រួលចំនួន២១លើក ក្នុងនោះ មានអតីតបុគ្គលិកចំនួន ២៤៩នាក់ ក្នុងចំណោម៣៧៣នាក់ បានយល់ព្រមទទួលយកការទូទាត់នូវប្រាក់បំណាច់បញ្ចប់ កិច្ចសន្យាការងារជាមួយក្រុមហ៊ុនដែលធ្វើឱ្យអតីតបុគ្គលិកដែលមិនព្រមទទួលយកសំណងនៅសល់ត្រឹម១២៤នាក់។
៣- ក្រសួងនឹងបន្តរៀបចំកិច្ចប្រជុំ និងសម្របសម្រួលករណីវិវាទនេះជាបន្តទៀត ហើយក្នុងករណីដែល ភាគីវិវាទទាំងពីរនៅតែមិនអាចរកដំណោះស្រាយ និងសម្របសម្រួលគ្នាបាននោះ ក្រសួងសូមលើកទឹកចិត្តឱ្យភាគីទាំងពីរយកករណីវិវាទនេះប្ដឹងទៅតុលាការដើម្បីជម្រះសេចក្តី ស្របតាមបទ ប្បញ្ញត្តិនៃការដោះស្រាយវិវាទការងាររួមជាធរមាន។

ឆ្លៀតឱកាសនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវឱ្យភាគីវិវាទមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយ បញ្ចប់វិវាទការងារនេះ បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ចនិងភាគីពាក់ព័ន្ធ និងគោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់ស្តីពីការងារ ច្បាប់ស្ដីពីសហជីព និងច្បាប់ដទៃទៀតជាធរមាន។

គួររម្លឹកឱ្យដឹងថា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ ២០២២ ក្រុមសង្គមស៊ីវិលបានធ្វើសេចក្ដីថ្លែងការណ៍ទាមទារឱ្យមានការដោះលែងជនត្រូវចោទឈ្មោះ ឈឹម ស៊ីថរ ដែលត្រូវបានចៅក្រមស៊ើបសួរឃុំខ្លួនកាលពីថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២២ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ០១៣ ចុះថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០២២ ដែលត្រូវបានចោទប្រកាន់ តាមដីកាសន្និដ្ឋានបញ្ចូនរឿងឱ្យស៊ើបសួរលេខ ០១៩ អ.យ.ន ចុះថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២២ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា ជនត្រូវចោទឈ្មោះ ឈឹម ស៊ីថរ បានចាកចេញពីដែនដី នៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ ដែលអំពើនេះគឺបានបំពានលើកាតព្វកិច្ច នៃការត្រួតពិនិត្យតាមផ្លូវតុលាការ។ យោងតាមមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មណ្ឌ បានចែងថា “ប្រសិនបើជនត្រូវចោទបានគេចវេះដោយចេតនាពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរអាចសម្រេចឱ្យឃុំខ្លួនជនត្រូវចោទបណ្ដោះអាសន្នបាន”។ ប្រភពដដែលបានបញ្ជាក់ទៀតថា ចំពោះការលើកឡើងថា ជនត្រូវចោទមិនបានទទួលដំណឹងពីដីកាសម្រេចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមកាតព្វកិច្ច នៃការត្រួតពិនិត្យតាមផ្លូវតុលាការនោះ កាន់តែបង្ហាញយ៉ាងច្បាស់ក្នុងចេតនាមិនទទួលខុសត្រូវចំពោះមុខច្បាប់។ ក្នុងករណីនេះ នៅពេលចៅក្រមស៊ើបសួរសម្រេចដោះលែងជនត្រូវចោទឱ្យនៅក្រៅឃុំនោះ ចៅក្រមស៊ើបសួរប្រើប្រាស់វិធានការជំនួសមកវិញនូវដីកាសម្រេចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមកាតព្វកិច្ច នៃការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលដីកាសម្រេចនេះ ជនត្រូវចោទត្រូវតែគោរពតាម និងអនុវត្តឱ្យបានម៉ឺងម៉ាត់៕
ដោយ៖ពលជ័យ

ads banner