ថា្នក់ដឹកនាំសហភាពសហជីព និងសហព័ន្ធសហជីពនៅកម្ពុជាប្តឹងតវ៉ាប្រឆាំងនឹងសកម្មភាពបំបែកបំបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករនិយោជិតពីសំណាក់មន្ត្រី CENTRAL
ភ្នំពេញ៖ ថា្នក់ដឹកនាំសហភាពសហជីព និងសហព័ន្ធសហជីពនៅកម្ពុជាជាច្រើន បានធ្វើការប្តឹងតវ៉ាប្រឆាំងនឹងសកម្មភាពបំបែកបំបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករនិយោជិត នៃព្រះរាជាណាចក្រកម្ពុជា ពីសំណាក់ជាមន្ត្រីរបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) បាននិងកំពុងធ្វើចលនាលួចលាក់ក្នុងការញុះញង់អូសទាញតំណាងសហជីពមូលដ្ឋាន ឱ្យធ្វើការផ្តាច់ខ្លួនទៅបង្កើតសហជីពថ្មី តាមរយៈការសន្យា ផ្ដល់ការគាំទ្រទាំងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ។
យោងតាមលិខិតចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ថា្នក់ដឹកនាំសហភាពសហជីព និងសហព័ន្ធសហជីពនៅកម្ពុជា បានជម្រាបជូនលោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សថា “យើងខ្ញុំទាំងអស់គ្នាពិតជាមានការខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីបានទទួលព័ត៌មាន និងពិនិត្យឃើញជាក់ស្ដែងជាបន្តបន្ទាប់ថា មានបុគ្គលដែលតាំងខ្លួនជាមន្ត្រីរបស់អង្គការ CENTRAL បាននិងកំពុងធ្វើចលនាលួចលាក់ក្នុងការ ញុះញង់អូសទាញតំណាងសហជីពមូលដ្ឋានជាសមាជិករបស់យើងខ្ញុំដែលបានចូលរួមកម្មវិធីបណ្តុះបណ្ដាល និងសិក្ខាសាលានានារបស់អង្គការ CENTRAL ឱ្យធ្វើការផ្តាច់ខ្លួនទៅបង្កើតសហជីពថ្មី តាមរយៈការសន្យា ផ្ដល់ការគាំទ្រទាំងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ។ សកម្មភាពលួចលាក់ទាំងអស់នេះ ធ្វើឱ្យមានការបែកបាក់សាមគ្គីភាពនិងឯកភាពក្នុងចលនា កម្មករនិយោជិត និងធ្វើឱ្យសំឡេងឯកភាពរួមរបស់សហជីពចុះទន់ខ្សោយ ដែលផ្ទុយពីទិសដៅរួម និងកិច្ច ខិតខំប្រឹងប្រែងរួមរបស់យើងខ្ញុំទាំងអស់គ្នា ហើយជាយថាហេតុធ្វើឱ្យប៉ះពាល់និងខូចខាតផលប្រយោជន៍ បច្ចុប្បន្ននិងអនាគតរបស់កម្មករនិយោជិតនៅកម្ពុជា។ លើសពីនេះ សកម្មភាពទាំងនេះ គឺផ្ទុយនឹងគោលការណ៍ទូទៅក្នុងការលើកកម្ពស់កម្លាំងនៃចលនាកម្មករនិយោជិត និងអាចឈានទៅរំលោភបំពានច្បាប់ជាធរមាន។ យើងខ្ញុំទាំងអស់គ្នា ប្រឆាំងដាច់អហង្ការចំពោះសកម្មភាព ដែលបង្កប់នូវចេតនាទុច្ចរិតទាំងនេះ ហើយទាមទារជាដាច់ខាតឱ្យអង្គការ CENTRAL បញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ និងគោលដៅរួមរបស់ចលនាកម្មករនិយោជិតនៅកម្ពុជា”។ឮ
ថា្នក់ដឹកនាំសហភាពសហជីព និងសហព័ន្ធសហជីពនៅកម្ពុជា នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពរបស់អង្គការ CENTRAL ហើយបើមិនបញ្ឈប់សកម្មភាពទុច្ចរិតទេ យើងខ្ញុំទាំងអស់គ្នា នឹងចាត់វិធានការម៉ឺងមាត់ដើម្បី ការពារជាដាច់ខាតនូវផលប្រយោជន៍រួមរបស់ចលនាកម្មករនិយោជិតនៅកម្ពុជាដោយ៖
- បញ្ឈប់រាល់កិច្ចសហការ និងការចូលរួមក្នុងគម្រោងបច្ចុប្បន្ននិងទៅអនាគត ដែលពាក់ព័ន្ធជាមួយអង្គការ CENTRAL។
- ធ្វើការតវ៉ាទៅក្រសួង ស្ថាប័នមានសមត្ថកិច្ចឱ្យពិនិត្យអំពីភាពស្របច្បាប់នូវរាល់សកម្មភាពរបស់អង្គការ CENTRAL។
- ចាត់វិធានការចាំបាច់ដែលមានប្រសិទ្ធភាពក្នុងការទប់ស្កាត់និងបញ្ឈប់សកម្មភាពទុច្ចរិតទាំង អស់ដែលប៉ះពាល់ដល់ប្រយោជន៍រួមនៃចលនាកម្មករនិយោជិតនៅកម្ពុជា។
ទន្ទឹមនឹងនេះ ថា្នក់ដឹកនាំសហភាពសហជីព និងសហព័ន្ធសហជីពនៅកម្ពុជា ទន្ទឹងរង់ចាំ និងបើកចំហដល់អង្គការ CENTRAL ដើម្បីបកស្រាយបំភ្លឺ ឬបញ្ជាក់ពីគោលជំហររបស់ខ្លួនលើករណីនេះដោយផ្ទាល់ ឬជាលាយលក្ខណ៍អក្សរ ព្រមទាំងបន្ត កិច្ចសហការប្រកបដោយសុឆន្ទៈដែលមានគោលដៅរួមក្នុងការលើកកម្ពស់ និងការពារផលប្រយោជន៍រួម របស់ចលនា កម្មករនិយោជិតនៅកម្ពុជា។ ទាក់ទងករណីនេះ មកដល់ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅមិនទាន់មានការឆ្លើយតប និងការបកស្រាយពីសំណាក់លោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សនៅឡើយទេ៕
ដោយ៖ពលជ័យ




