ក្រុមបាតុករហុងកុងប្តេជ្ញាតវ៉ានៅតាមដងផ្លូវបន្តទៀត ទោះបីជាអភិបាលក្រុងហុងកុង ទើបប្រកាសដកចេញសេចក្តីស្នើច្បាប់ធ្វើបត្យាប័ន

ហុងកុង៖ ក្រុមអ្នកតវ៉ានៅទីហុងកុងបានប្តេជ្ញាថា នឹងវិលត្រឡប់មកតាមផ្លូវវិញរហូតទាល់តែការទាមទារទាំង៥របស់ពួកគេត្រូវបានឆ្លើយតប បន្ទាប់ពីសេចក្តីស្នើច្បាប់ស្តីពីធ្វើបត្យាប័នដែលនាំឱ្យមានការតវ៉ារាប់ខែមកនេះ ត្រូវបានដកចេញ។

ការដកសេចក្តីស្នើច្បាប់នេះ បានឆ្លើយតបនឹងការទាមទារបានមួយចំណុច ក្នុងចំណោមចំណុចសំខាន់ៗរបស់ក្រុមអ្នកតវ៉ា ប៉ុន្តែក្រុមសកម្មជនបានប្តេជ្ញាបន្តធ្វើបាតុកម្មរហូតដល់រដ្ឋាភិបាល បំពេញការទាមទាររបស់ខ្លួនបានទាំងអស់។ ពួកគេក៏បានស្នើឱ្យមានការស៊ើបអង្កេតឯករាជ្យ លើការចោទប្រកាន់ពីភាពសាហាវឃោរឃៅរបស់ប៉ូលិសក្នុងអំឡុងពេលបាតុកម្ម ការដោះលែងបាតុករទាំងអស់ដោយគ្មានលក្ខខណ្ឌ ការដកហូតផ្លាកបាតុកម្មពី “កុបកម្ម” និងអនុញ្ញាតឱ្យប្រជាជនហុងកុងជ្រើសរើសមេដឹកនាំរបស់ពួកគេដោយខ្លួនឯង។

គួរបញ្ជាក់ថា អភិបាលក្រុងហុងកុងលោកស្រី ខារី ឡំា បានបញ្ជាក់ថាការសម្រេចដកសេចក្តីស្នើច្បាប់ធ្វើបត្យាប័នទៅចិនដីគោកនេះ គឺជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលផ្ទាល់របស់លោកស្រី ដើម្បីបំបែកភាពជាប់គាំង មិនមែនជាការណែនាំរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងនោះទេ។ ទន្ទឹមគ្នានោះដែរ លោកស្រី ខារី ឡំា បានសង្កត់ធ្ងន់ទៀតថា រដ្ឋាភិបាលនឹងមិនអាចគោរពតាមការទាមទារផ្សេងទៀតរបស់ក្រុមអ្នកតវ៉ាបានទេ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner